មានការភ្ញាក់ផ្អើលទាំងព្រឹកឃើញក្មេង2នាក់ត្រូវគេបោះបង់ចោលដេកនៅក្រោមដើមពោធិ៍ សួនច្បារវិមានឯករាជ្យ ក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើល មួយបានកើតឡើងដោយសារតែគេបានប្រទះឃើញក្មេងតូចៗពីរនាក់ដេកនៅជិតព្រះអង្គធំ ក្រោមដើមពោធិ៍សួនច្បារវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ដែលពីដំបូងឡើយ គេបានសន្និដ្ឋានថាមានឪពុក ម្ដាយ យកមកបោះបង់ចោល ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅ វេលាម៉ោង5:00ថ្ងៃទី16ខែកក្កដាឆ្នាំ2022 ទោះជាយ៉ាងនេះក្ដីក្រោយពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្អេរយកក្មេងមករក្សាទុកនិងឲ្យបាយទឹកហូបស្រាប់តែឃើញម្ដាយទៅសុំយកវិញ ។

លោក បុិន គីមសាន្ត មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប្អេរបានឲ្យដឹងថាពីដំបូងឡើយគឺមានប្រជាពលរដ្ឋ រាយការណ៍ប្រាប់ថា មានក្មេងតូចៗ2នាក់ ត្រូវបានគេយកមកដាក់ដេកបោះបង់ចោលនៅសួនវិមានឯករាជ្យ ក្រោមដើមពោធិ៍ ជិតព្រះអង្គធំ លោកក៏បានទៅឃើញ ក្មេងទាំង2ដេកលើសំបកកេះទឹកសុទ្ធនិងសំបកកេះស្រាបៀរ ទំនងជាឪពុកម្ដាយក្រាលឲ្យដេក ដើម្បីបង់បោះចោល ហើយលោកបានយកមកទុកនៅប៉ុស្តិ៍រដ្ឋបាល រួចក៏ទិញបាយទឹកឲ្យហូប ស្រាប់តែម៉ោង 8និង 30 នាទីព្រឹកថ្ងៃដដែល ដំណឹងនេះបានលេចឮដល់ម្ដាយក៏បានមកសុំយកកូនត្រឡប់ទៅវិញ។

លោក មេប៉ុស្តិ៍ ប្អេរបានបញ្ជាក់ថាម្ដាយក្មេងតូចទាំង2នាក់មាន ឈ្មោះ ប៉ែន ណារ័ត្ន ជាស្ត្រីមេម៉ាយ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ពេលមកសុំយកកូន វិញនាងបាន ប្រាប់ថា នាងបានដាក់កូនឲ្យដេក នៅទីនោះ រួចនាងបានចូលទៅទិញឥវ៉ាន់នៅក្នុងផ្សារ លុះត្រឡប់មកវិញបានបាត់កូន ក៏ឆោឡោដើររកមិនឃើញ លុះក្រោយមកមានគេប្រាប់ថាប៉ូលីសយក ទៅហើយ ទើបនាងបានសុំពីរប៉ុស្តិ៍យកកូនត្រឡប់មកទៅវិញ៕ ដោយ សុខ គឹមសៀន