សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះបង្ក្រាប និងរឹបអូសឈើខុសច្បាប់ បានជាង១៩ម៉ែត្រគូបត្រីគុណ មានតម្លៃច្រើនពាន់ដុល្លារ យកមករក្សាទុកជាសម្បត្តិរដ្ឋ

0

ខេត្តព្រះវិហារ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះបង្ក្រាប និងរឹបអូសឈើប្រភេទលេខ១ បានជាង១៩ម៉ែត្រគូបត្រីគុណ បើតាមការប៉ាន់ប្រមាណ មានតម្លៃជាច្រើនពាន់ដុល្លារអាមេរិក។

ប្រតិបត្តិការនេះ បានធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩កក្កដា ដល់ថ្ងៃទី២០កក្កដាឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជាបង្ក្រាបដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ក្នុងកិច្ចសហការរួមគ្នា រវាងកម្លាំងការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប នៃមន្ទីរបរិស្ថានខេត្តព្រះវិហារ កម្លាំងរដ្ឋបាលព្រៃឈើឆែប នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ និងកម្លាំងនគរបាលការពារព្រំដែន ស្ថិតនៅក្នុងភូមិណារ៉ុង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។

ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានប្រាប់ឲ្យដឹងថា ឈើដែលរងការបង្ក្រាបនៅក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ មានរាប់សិបម៉ែត្រគូបត្រីគុណ ដែលឈ្មួញបានប្រើរូបភាពយកឈើទាំងនោះ ទៅផ្ញើតាមផ្ទះប្រជាពលរដ្ឋ ដើម្បីបន្លំភ្នែកសមត្ថិច្ច រួចហើយពួកគេបានធ្វើការដឹកជញ្ជូនតាមគោយន្តកន្ត្រៃ នាំយកទៅលក់នៅក្នុងខេត្តស្ទឹងត្រែង។ លោកថា ក្រោយទទួលបានដំណឹងនេះ លោកបានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាប និងរឹបអូសបានប្រមាណជាង ៣០ម៉ែត្រគូបត្រីគុណ  ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោក វុធ សាវី បានបន្តថា ដោយសារស្ថានភាពផ្លូវលំបាក និងពេលវេលាយប់ងងឹតក៏ឈានចូលមកដល់ មិនអំណោយផលសម្រាប់ការប្រមូល និងរឹបអូសឈើទៀតបាននោះ កម្លាំងសមត្ថកិច្ចបានដកឃ្លាថយក្រោយ រីឯប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ ចង់មានគំនិតបះបោរ តវ៉ាប្រឆាំងនឹងការបង្ក្រាប និងរឹបអូសឈើ ពីសំណាក់កម្លាំងសមត្ថកិច្ចនៅក្នុងប្រតិបត្តិការនោះ ថែមទៀតផង។

លោក វុធ សាវី បានដាក់ការសង្ស័យថា ក្រុមអ្នកចង់រារាំងកិច្ចការងារសមត្ថកិច្ចទាំងនោះ គឺជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើជាយូរមកហើយ ទំនងអាចជាមានខ្នងបង្អែកនៅពីក្រោយ ហើយលោកនឹងបន្តបើកការស្រាវជ្រាវរកមេឈ្មួញធំ ដែលនៅពីក្រោយខ្នងប្រជាពលរដ្ឋ ដើម្បីឈានទៅកំណត់មុខសញ្ញាជនសង្ស័យកាប់បំផ្លាញព្រៃឈើនោះ នាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

អនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃព្រះរកា-ឆែប លោក នង វុទ្ធា បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប និងរឹបអូសឈើទាំងនោះ នៅតាមផ្ទះប្រជាពលរដ្ឋមានចំនួន ៦ទីតាំងខ្នងផ្ទះ និងក្រោយការបង្ក្រាប ឈើទាំងនោះត្រូវបានធ្វើការដឹកជញ្ជូនយកមករក្សាទុក នៅស្នាក់ការរងទួលថ្មកែវ នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ដើម្បីចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធី។

លោក នង វុទ្ធា បានបញ្ជាក់ថា ក្រោយការបង្ក្រាប រឹបអូស និងធ្វើការរាប់វាស់ជាក់ស្តែងរួចមក ឃើញថា ឈើទាំងនោះជាប្រភេទឈើតាប់ (ឈើផ្ចឹក) ជាឈើអញតិជន (ឈើគ្មានម្ចាស់) មានចំនួន ១៩,៥២០ម៉ែត្រគូបត្រីគុណ គឺមិនមានចំនួនច្រើន ដូចការផ្សព្វផ្សាយរបស់ សារព័ត៌មានមួយចំនួន ថាឈើដែលបង្ក្រាប និងរឹបអូសបាននោះ មានចំនួនរហូតដល់ទៅខ្ទង់រយម៉ែត្រគូបនោះឡើយ៕ដោយ៖ឡុង សំបូរ