អាជ្ញាធរខេត្តត្បូងឃ្មុំ ប្រារព្ធទិវាមច្ឆាជាតិ ឆ្នាំ២០២២ ដើម្បីបំផុសពលរដ្ឋ ចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល

ត្បូងឃ្មុំ : ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងថា ការ ប្រារព្ធ ទិវាមច្ឆាជាតិនេះ មានគោលបំណងបំផុសប្រជាពលរដ្ឋ ឲ្យចូលរួមចំណែកការពារ អភិរក្ស និងអភិវឌ្ឍន៍វិស័យជលផល ក្នុងទិសដៅធានានិរន្តរភាពនៃធនធានជលផល ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាតិ ។ ការ ថ្លែង បែប នេះ ក្នុង ឱកាស នាំយកកូនត្រីចម្រុះ ប្រមាណ ១ ៧០០០ក្បាល ប្រលែងនៅស្ទឹងបន្ទាយឆាក ឃុំដំរិល ស្រុកអូររាំងឪ ដែលជាកន្លែងប្រវត្តិសាស្ត្រហ្លួងព្រះស្តេចកន នាព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ ។

ឯកឧត្តម អភិបាលរងខេត្ត បានលើកឡើងថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទំរង់ស៊ីជម្រៅលើវិស័យជលផល ដោយបានធ្វើការ កាត់រំសាយចោលនូវឡូត៍នេសាទទឹកសាបទូទាំងប្រទេស ហើយប្រគល់ឲ្យសហគមន៍គ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយនិរន្តភាព ដោយការធ្វើនេសាទជាលក្ខណៈគ្រួសារ ក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព រស់នៅ និងផ្គត់ផ្គង់ស្បៀងដល់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ពាង ណារិទ្ធ បាន បញ្ជក់ថា ជាក់ស្តែងទិវាមច្ឆាជាតិនាថ្ងៃនេះ បានប្រលែងកូនត្រីចម្រុះប្រមាណ ១ ៧០០០ក្បាល និងមេត្រីពូជមួយចំនួនទៀតដូចជា កូនត្រីក្រាញ់ ត្រីកន្ធរ ត្រីប្រា ត្រីរាជ ត្រីគល់រាំង ត្រីឆ្ពិន ត្រីអណ្តែង ត្រីកាហែ ត្រីក្រាញ់ ដើម្បីធ្វើឲ្យអាងទឹកនេះសម្បូរណ៍ទៅដោយត្រី សម្រាប់បម្រើសេចក្តីត្រូវការហូបចុករបស់ប្រជាពលរដ្ឋក្នុងតំបន់នេះផងដែរ។

បើតាមលោក ហេង ពិសិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន ឲ្យដឹងថា ដោយស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បានថមថយ ទន្ទឹមនឹងប្រជាពលរដ្ឋមានភាពស៊ាំនឹង ការវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ទើបរាជរដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំពិធីនេះឡើងវិញ ដែលនៅ ថ្នាក់ជាតិ ទិវាមច្ឆជាតិ ១ កក្កដា ត្រូវបានប្រារព្វធ្វើឡើងនៅអាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ខេត្តត្បូងឃ្មុំ ក៏ទទួលបានការអនុញ្ញាតពីឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រៀបចំទិវាមច្ឆជាតិ ឆ្នាំ ២០២២ នៅក្នុងស្ទឹងបន្ទាយឆាក ស្រុកអូររាំងឪ។ ដែលបានប្រលែងកូនពូជត្រីក្នុងស្រុក សរុបចំនួន១៧.១១២ក្បាល រួមមាន៖ ត្រីប្រា(ធំ) ចំនួន ៥០គីឡូក្រាម ស្មើនិង១០០ក្បាល ត្រីរាជចំនួន ២ក្បាល ត្រីគល់រាំងចំនួន ១០ក្បាល ត្រីឆ្ពិនចំនួន ៧ ០០០ក្បាល ត្រីកាហែចំនួន ៥ ០០០ក្បាល និងត្រីក្រាញ់ចំនួន ៥ ០០០ក្បាល ចូលក្នុងស្ទឹងបន្ទាយឆាក ហៅស្ទឹងយ៉ាង ដើម្បីបង្កើនផលស្តុកនៅក្នុងធម្មជាតិឲ្យកាន់តែសម្បូរណ៍ឡើងថែមទៀត និង ក្លាយជាសហគមន៍ស្រះជម្រកត្រីក្នុងមូលដ្ឋានក្នុងស្រុកអូរាំងឪនោះ ៕