ផ្លូវក្រាលកៅស៊ូ៦ខ្សែ ក្នុងក្រុងបាត់ដំបង បានសម្រេចជាស្ថាពរ បណ្តើរៗហើយ

ខេត្តបាត់ដំបង ÷ ផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ចំនួន៦ខ្សែ ត្រូវបានដាក់អោយប្រជាពលរដ្ឋ ប្រើប្រាស់មួយចំនួនហើយ ដោយឡែកមួយចំនួនទៀតក៏កំពុងស្ថាបនាជាបណ្តើរៗដែរ បន្ទាប់ពីឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវចំនួន៦ខ្សែ និងជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ។

គួរបញ្ជាក់ថា កាលពីខែមករាដើមឆ្នាំនេះ ឯកឧត្តមអភិបាលខេត្ត បានបើកការដ្ឋានស្ថាបនា និងជួសជុលផ្លូវ៦ខ្សែ ព្រមទាំងផ្លូវសំបុកមាន់ក្នុងក្រុងបាត់ដំបង ដើម្បីអោយប្រជាពលរដ្ឋបានប្រើប្រាស់ ដោយផ្លូវទាំងអស់នេះត្រូវប្រើប្រាស់ប្រភេទកៅស៊ូ DBST និងគែមបេតុង។

បច្ចុប្បន្ននេះ សមិទ្ធផលផ្លូវក្នុងក្រុងបាត់ដំបង បានចាប់ផ្ដើមចេញរូបរាងជាបណ្ដើរៗហើយ បន្ទាប់ពីធ្វើការជួសជុលនិងសាងសង់រួច ជាក់ស្ដែងសម្រាប់កំណាត់ផ្លូវលេខ ៥២៦ដែលមានទីតាំងចាប់ពីសួនព្រែកមហាទេព ដល់ផ្លូវលេខ៥១៥(ផ្លូវទៅវត្តពោធិវង្ស) ដែលមានប្រវែង១.១៦៥ម៉ែត្រ ទទឹង១០ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ DBST ស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ត្រូវបានសម្រេចជាស្ថាពរ និងកំពុងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ឬដឹកជញ្ជូនផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ធ្លាប់បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបងទាំងអស់ សុំមេត្តាអធ្យាស្រ័យ និងមានការអត់ធ្មត់ចំពោះការកសាងផ្លូវក្នុងក្រុងមួយចំនួន ដោយសាររដ្ឋបាលខេត្តត្រូវទុកពេលវេលាឱ្យគម្រោងគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការស្ថាបនាប្រព័ន្ធលូរំដោះទឹកកខ្វក់រួចរាល់សិន ទើបរដ្ឋបាលខេត្តបាត់ដំបងនឹងធ្វើការជួសជុល ឬសាងសង់ផ្លូវដែលរងការខូចខាតក្នុងក្រុងជាបន្តបន្ទាប់ទៀត ដើម្បីជៀសវាងកុំឱ្យធ្វើផ្លូវហើយរួចធ្វើលូតាមក្រោយ ធ្វើឱ្យខាតបង់ពេលវេលា និងចំណាយថវិកាច្រើនផងដែរ ៕ អត្ថបទ : ព្រាប.ស