បុរសដែលលិចក្បូនហើយបាត់ខ្លួនក្នុងទឹកជំនន់បានរកឃើញហើយ

ខេត្តបាត់ដំបង ÷ បុរសម្នាក់ដែលគេដឹងថាអត់ចេះហែលទឹក បានស្លាប់យ៉ាងអាណោចអាធ័មជាទីបំផុត នៅក្នុងទឹកស្ទឹងដែលកំពុងជន់ ខណ:ដែលជនរងគ្រោះនិងគ្នីគ្នាម្នាក់ទៀត កំពុងជិះក្បូនឆ្លងស្ទឹង ហើយត្រូវខ្សែកាត់ទទឹងស្ទឹងដាច់បណ្តាលអោយក្បូនក្រឡាប់តែម្តង។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចមាត់ស្ទឹង ក្នុងភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។
បើតាមការរៀបរាប់ពីលោកមេប៉ុស្តិ៍ ទូច សម្បត្តិ បានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះឈ្មោះ វុទ្ធ សាវង់ ភេទប្រុស អាយុ២២ឆ្នាំ ជាមួយនិងអ្នកភូមិម្នាក់ទៀត បាននាំគ្នាជិះក្បូនដើម្បីឆ្លងស្ទឹងទៅត្រើយម្ខាង ( ក្បូនធ្វើអំពីបន្ទះក្តារក្រាលពីលើប៊ីដុងជ័រ) ។
លោកមេប៉ុស្តិ៍បានបន្តថា ខណ:ដែលពួកគេកំពុងទាញខ្សែដែលធ្ពក់កាត់ទទឹងស្ទឹង ដើម្បីអោយក្បូនលូនទៅមុខ ស្រាប់តែខ្សែដែលអូសកាត់ស្ទឹងបានដាច់ ធ្វើអោយក្បូនត្រូវទឹកជំនន់វាយអោយក្រឡាប់តែម្តង ដោយម្នាក់បានតោងប៊ីដុងជាប់ ឯជនរងគ្រោះមិនមានអ្វីតោងទេ ម៉្យាងគេក៏មិនចេះហែលទឹកទៀត ទើបធ្វើអោយលិចបាត់ទៅក្នុងទឹកស្ទឹងដែលកំពុងជន់នោះតែម្តង។
ទីបំផុតប្រជាពលរដ្ឋដែលនាំគ្នាមុជរាវរក និងប្រើសំណាញ់ ក៏បានប្រទះឃើញសពជនរងគ្រោះនៅវេលាម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃដដែល សមត្ថកិច្ចក៏បានប្រគល់សពទៅអោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕ អត្ថបទ : ព្រាប.ស