រដ្ឋបាលឃុំឈូក បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋាន

កំពង់ធំ ÷ នៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ លោក ហ៊ុយ គឹមលី មេឃុំឈូក ប្រធានក្រុមប្រឹក្សាឃុំ និងក្រុមការងារអញ្ជើញចូលរួមក្នុងកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ និងពង្រឹងសមត្ថភាពដល់អាជ្ញាធរមូលដ្ឋានព្រមទាំងធ្វើផែនការ៥ឆ្នាំរំកិល សេចក្តីជូនដំណឹងបន្ថែម ពីការចូលរួមចាក់វ៉ាក់សាំងដុសជំរុញ ឲ្យបានគ្រប់ៗគ្នា ស្ថិតនៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ជាមួយគ្នានេះផងដែរលោក ហ៊ុយ គឹមលី មេឃុំឈូក បានលើកយករបៀបវារៈប្រជុំមានដូចជា÷ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្សព្វផ្សាយពីគ្រោះមហន្តរាយ ការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព ពិធីបុណ្យអ៊ុទូកដែលប្រព្រឹត្តទៅថ្ងៃខាងមុខ ការបង្កើតច្រកចេញចូលតែមួយ
ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ភូមិឃុំមានសុវត្ថិភាព បង្ហាញដល់អង្គប្រជុំនាព្រឹកនេះ។ លោកមេឃុំក៏បានបន្តទៀតថា ដើម្បីចូលរួមចំណែកឲ្យឃុំឈូក មានការរីកចម្រើនលុះត្រាតែបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារទាំងអស់មានភាពទំនាក់ទំនង សហការគ្នា តម្លាភាព យុត្តិធម៌ ពិសេសគឺគោរពពេលវេលានិងតួនាទីខ្លួនឯងឱ្យបានច្បាស់លាស់ដើម្បីធ្វើការជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយលោក ហ៊ុយ គឹមលី ក៏បានសំណូមពរដល់អ្នកចូលរួមទាំងអស់ ប្រសិនបើមានបញ្ហាអ្វីមួយដែលដោះស្រាយពុំទាន់បាន សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬរដ្ឋបាលឃុំដើម្បីដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ពីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ សូមចូលរួមការពារនូវធនធានធម្មជាតិ ពិសេសបទល្មើសផ្សេងៗ ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាពនិងមានសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋ។ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន សូមមេត្តាប្រុងប្រយ័ត្នចំពោះកូនចៅ ខ្លាចបាត់បង់ជីវិតដោយសារលង់ទឹក។