អគ្គស្នងការរងនគរបាលជាតិ ក្រើនរំលឹកដល់មន្ត្រីនគរបាលខេត្តព្រះវិហារ ដែលទើបទទួលបានការ ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ដើម្បីសម្រេចបានភារកិច្ចថ្មីៗ បន្ថែមទៀត ជូនសង្គមជាតិ

0

ខេត្តព្រះវិហារ៖ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នាយឧត្តមសេនីយ៍ ប៉ែន វិបុល ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ២៤០នាក់ ដែលមានស្នាដៃក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ នាពេលកន្លងមក ។

នៅក្នុងពិធីដែលបានរៀបចំឡើង កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នោះ ក៏មានការអញ្ជើញចូលរួម ពីមន្ត្រីនគរបាលជាតិជាន់ខ្ពស់ជាច្រើនរូប ,ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងស្នងការរងនគរបាលខេត្ត ជាច្រើនរូបទៀត ផងដែរ។

មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ទាំង ២៤០នាក់ ក្នុងនោះ មន្ត្រីដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង មានចំនួន ៣៥នាក់ ថ្នាក់ស្នងការរង ៦នាក់ ,ថ្នាក់នាយការិយាល័យ ៤នាក់ ,ថ្នាក់នាយរងការិយាល័យ ១៤នាក់ ថ្នាក់អធិការ ៥នាក់ និងថ្នាក់អធិការរង ៧នាក់។ ចំណែក មន្ត្រីនគរបាលដែលត្រូវបំពាក់ឋានន្តរស័ក្តិ មានចំនួន ២០៥នាក់ ក្នុងនោះ ថ្នាក់វរសេនីយ៍ទោ ៦៣នាក់ ,ថ្នាក់វរសេនីយ៍ត្រី ១៤០នាក់ និងថ្នាក់អនុសេនីយ៍ឯក ២នាក់។

ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានឡើងរាយកាណ៍ អំពីរចនាសម្ព័ន្ធ ,ស្ថានភាពទូទៅ ,ការរក្សាសន្តិសុខ ,សណ្តាប់ធ្នាប់សារធារណៈ ,ការរក្សាសុវត្ថិភាព និងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បានចំនួន ៤៤ករណី ឃាត់ខ្លួនមុខសញ្ញា ៩៦នាក់ ស្រី៧នាក់ ក្នុងនោះ ជនជាតិឡាវ ២នាក់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រ នៃខេត្តព្រះវិហារ ។

អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានថ្លែងថា ការធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត នាថ្ងៃនេះ សរបញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ និងការលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ នៃយើង។ លោកថា សកម្មភាពយ៉ាងសកម្ម ប្រកបដោយភាពទទួលខុសត្រូវខ្ពស់របស់ កងកម្លាំងនគរបាលខេត្ត លើការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងសុខដុមរមនារបស់ ប្រជាពលរដ្ឋទូទាំងខេត្ត គឺអនុវត្តបានយ៉ាងល្អប្រសើរ។

អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នាយឧត្តមសេនីយ៍ ប៉ែន វិបុល​ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តតួនាទី ភារកិច្ច ធ្វើឲ្យសម្រេចបាននាពេលកន្លងមក របស់កម្លាំងនគរបាលខេត្តព្រះវិហារ ពិសេស ការសម្រេចបានលើកិច្ចការងារពី២ធំៗ ជូនរាជរដ្ឋាភិបាល គឺ ១.ការចូលរួមបង្ការ និងទប់ស្កាត់ នូវការីករាលដាល នៃជំងឺកូវីដ១៩ និង ២.ការចូលរួមការពារសណ្តាប់ធ្លាប់ នៅក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំលេងឆ្នោត និងពេលបោះឆ្នោត ដោយរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាំងនេះ គឺជាសក្ខីភាព ដែលបានបង្ហាញឲ្យឃើញ ពីភាពជោគជ័យដ៏ត្រចះត្រចង់ កើតចេញពីកិច្ចខិតខំរួមគ្នា នៃកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ក្នុងការបំរើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែង ដោយសម្តែងនូវក្តីរំភើប និងការកោតស្ញប់ស្ញែង ដល់កម្លាំងស្នងការនគរបាលខេត្ត ក្រោយដំណាក់កាលតានតឹង នៃជំងឺកូវីដ១៩ កម្លាំងនគរបាលខេត្ត ហាក់មានមានការប្រែប្រួល មានវិន័យ សីលធម៌ របៀបរៀបរយ សណ្តាប់ធ្នាប់ មានសេចក្តីថ្លៃថ្នូរល្អ និងមានការរីកចំរើនពីមួយឆ្នាំទៅឆ្នាំ កាន់តែរក្សាបាននូវកិត្តិយសល្អ សក្តិសមជាកងនគរបាលជាតិ ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានថ្លែង ក្រើនរំលឹកដល់មន្ត្រីនគរបាលខេត្តព្រះវិហារ ដែលទើបទទួលបានការ ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ត្រូវខិតខំការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីសម្រេចបានភារកិច្ចថ្មីៗ បន្ថែមទៀត ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានស្នើដល់ស្នងការនគរបាលខេត្ត ពិសេស អ្នកកាន់បញ្ជីបុគ្គលិក ត្រូវគិតគូពីការរៀបចំប្រគល់ នូវឯកសារ ពីការទទួលបានលិខិតសរសើរ ប័ណ្ណសរសើរ ពីព្រោះកន្លងមកក្រសួងបានកំណត់ ជូនអង្គភាពក្នុង ១ឆ្នាំ ៨ភាគរយ ជារៀងរាល់ឆ្នាំ ពីការកសាងបានស្នាដៃ ហើយលោកក៏មិនបានកំណត់ថា ត្រូវតែយក ៨ភាគរយរហូតនោះទេ គឺអាស្រ័យលើថ្នាក់ដឹកនាំអង្គភាពនីមួយៗ ពិសេស លោកស្នងការ គិតថា អស់លោក លោកស្រីណា សក្តិសម និងបានលះបង់កម្លាំងកាយ ចិត្ត ដែលបានចូលរួមការងារសង្គម និងការផ្តល់បញ្ជីឈ្មោះមន្ត្រីដែលជាប់វិន័យមក អគ្គនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ៕ ដោយ៖ឡុង សំបូរ