អភិបាលខេត្តកំពង់ចាម ផ្តាំផ្ញេីលោក ខេង ម៉េងឈុន ត្រូវប្រែក្លាយការប្ដេជ្ញាចិត្តពេលចូលកាន់តំណែងអភិបាលស្រុកព្រៃឈរ ទៅជាឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង

កំពង់ចាម : ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ផ្តាំផ្ញេីដល់ លោក ខេង ម៉េងឈុន ត្រូវប្រែក្លាយការប្ដេជ្ញាចិត្ត ពេលចូល កាន់ តំណែងជា អភិបាល ស្រុកព្រៃឈរ ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ។ ការថ្លែង បែបនេះ ក្នុង ពិធីប្រកាស ចូល កាន់ មុខ តំណែង អភិបាល នៃ គណៈ អភិបាល ស្រុកព្រៃឈរ ខណៈ លោក ឡោ ចាន់លី ត្រូវទទួល តំណែងជា អភិបាលរង ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បានថ្លែងនូវការកោតសរសើរ ចំពោះ វឌ្ឍនភាពនៃការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ក្រោមការដឹកនាំ របស់ក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីសាលាស្រុកព្រៃឈរទាំងអស់ ដែលបានចូលរួមចំណែក ដោះស្រាយកិច្ចការ នៅក្នុងអង្គភាព និងការផ្តល់សេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផល យ៉ាងល្អប្រសើរ នាពេលកន្លងមក ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ ចំពោះ លោកអភិបាល ស្រុកព្រៃឈរ ដែលទើបបានប្រកាសតែងតាំងថ្មីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង នៅក្នុងអង្គភាព រវាងថ្នាក់លើ និងថ្នាក់ក្រោម ព្រមទាំងមានគំនិតផ្តួចផ្តើម មនសិការការងារខ្ពស់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងការ បម្រើប្រជាពលរដ្ឋ ដោយការយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ការដោះស្រាយបញ្ហាការងារ ប្រកបដោយភាពឈ្លាសវៃ និងមានគំនិតច្នៃប្រឌិត មានចក្ខុវិស័យ លើកជាទិសដៅ ដាក់ចេញនូវផែនការអនុវត្តឲ្យបានច្បាស់លាស់ ព្រមទាំងខិតខំបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យ ក្នុងស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ចំពោះ មុខថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងចំពោះមុខគណៈអភិបាលខេត្ត រដ្ឋបាលខេត្ត លើវិស័យការងារ ដែលខ្លួនកំពុងបំពេញតួនាទី ជាពិសេសនោះ គឺត្រូវ ប្រែក្លាយការប្ដេជ្ញាចិត្ត នាពេលនេះ ទៅជា ឆន្ទៈក្នុងការអនុវត្តជាក់ស្ដែង ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ទៅពេលអនាគត ផងដែរ ៕