ទេសរដ្ឋមន្រ្តី លី ធុជ អះអាងថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២

កំពង់ចាមៈ ឯកឧត្តម ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ។ ការ ថ្លែង បែប នេះក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីន ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោម វត្តមាន ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ខេត្តចំនួន ៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន ÷ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបជាង ៤២លានម៉ែត្រក្រឡា ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ដែលប្រតិបត្តិការបោសសម្អាត ដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីនជាង ៩៧ម៉ឺនម៉ែត្រក្រឡា ស្មើនឹង ១១ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ៤រួមមាន ៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់ ។ ទោះបីជាវត្តមានគ្រាប់មីន ដែលយើងបានដឹង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះ ក៏ដោយ ប៉ុន្តែ ខេត្តកំពង់ចាម នៅបន្តរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសម័យសង្រ្គាមប្រមាណជាង ៦៨គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហា នៅសេសសល់ទាំងនេះ និងដោយមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ។
ជាមួយគ្នា នោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសំណូមពរដល់ អាជ្ញាធរមីន និងប្រតិបត្តិក សូមបង្កើននូវផែនការបោសសំអាត ទាំងចម្ការមីន និងចម្ការគ្រាប់ ឲ្យមានវិសាលភាព កាន់តែធំជាងមុន ដើម្បីធានាបាននូវសុវត្ថភាព និងភាពសុខសាន្ត ក្នុងការបង្កបង្កើនផល ការកកើត ពង្រីកគ្រួសារថ្មី របស់ប្រជាពលរដ្ឋ និងការស្ថាបនា នូវបណ្តាហេដ្ឋរចនាសម្ព័ន្ធសង្គម ផងដែរ ៕