កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំចូលរួមពិធីមីទិ្ទញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំង ចំនួន១១៥ នាក់ ចូលរួមមីទិ្ទញមហាជន ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៦៩ឆ្នាំ ថ្ងៃទី០៩វិច្ឆិកា ឆ្នាំ១៩៥៣ ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២២ នៅវិមានឯករាជ្យខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ  នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ឧត្ដមសេនីយ៍ ទោ សោម  ស៊ុន  ថ្លែងក្នុងពិធីមីទិ្ទញ ដោយវត្តមានព្រះតេជគណ ព្រះមេគណខេត្ត ព្រះសង្ឃ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាជនចូលរួមអបអរសាទរយ៉ាងច្រើនកុះករប្រមាណជាង១.៨០០នាក់  ក្នុងវិធីអង្គមីទិ្ទញដ៏មហោឡារិកនេះ ឯកឧត្តមលោកជំទាវលោកលោកស្រី តំណាងតាមផែននីមួយៗបានអញ្ជើញឡើងដាក់កម្រងផ្កា និងដុតធូបគោរពដល់វិញ្ញាណក្ខន្ធបុព្វបុរស កម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាកន្លងមក នៅលើវិមានឯករាជ្យ ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានរំលឹកពីព្រះរាជបូជនកិច្ច ដ៏ឧត្តុងឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពលមិនខ្លាចនឿយហត់ ដើម្បីទាមទារយកមកវិញនូវឯករាជ្យជាតិ ពេញលេញពីពួកអាណានិគមនិយមបារាំង នៅថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ១៩៥៣ នឹងបានបង្កើតកងយោធពលខេមរភូមិន្ទ ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យភាពជាតិ  និងបានថ្លែងនូវការដឹងគុណចំពោះកងយោធពលខេមរៈភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ នាំមកនូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ។

សមាជិក សមាជិកាអង្គមីទិ្ទញទាំងមូលបានបង្ហោះប៉ោងប៉ោង ស្រែកជ័យឃោស ដើម្បីអបអរសាទរទិវាបុណ្យឯករាជ្យជាតិ និងកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី ៦៩ ដ៏មហោឡារិក ក្នុងទិវាមីទិ្ទញមហាជន ជាប្រវត្តិសាស្ត្រនៅខេត្តកំពង់ធំថ្ងៃនេះ  ។ដោយ ប៊ុន រដ្ឋា