រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពេញទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​

0

​ភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​បោះពួយ​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ក៏​បុក​ម៉ូតូ​ហុងដា​ឌ្រី​មមួយគ្រឿង​ចំពេញ​ទំហឹង​បណ្ដាល​អោយ​បុរស​ម្នាក់​របួស​ផុង លលា​ដ៏​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​រង​ការខូចខាត ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី យប់​ថ្ងៃ​ទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ផ្ទះ​គ្លីនិក រ័ត្ន គឹម​សាន ជំនាញ​ព្យាបាល​ច្រមុះ ត្រចៀក ផ្ទះ​លេខ​៣០០ ក្បែរ​ផ្សារ​ប៉េសេ​ចាស់ តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​
​ជនរងគ្រោះ​ឈ្មោះ ជា សុខ​ឈៀង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​ជា​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌដង្កោ មាន​ប្រពន្ធ​ឈ្មោះ ចិន ឋានៈ ទើបតែ​សំរាលកូន​ស្រី​បាន​រយៈពេល​១​ខែ​។ ចំណែក​បុរស​ជនជាតិ​បើកប​រថយន្ត​បង្ក​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2E-2135 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ ក្នុង​ល្បឿន​យ៉ាង​លឿន ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវ​កោង​រថយន្ត​កូរ៉ូឡា បួង​ចង្កូត​រថយន្ត​មិនទាន់​ក៏​បាន​បើក​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1N-7771 ជិះ​ដោយ​បុរសរងគ្រោះ​ចេញពីផ្ទះ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣៧១ បំណង​ទៅ​លេង​ផ្ទះ បងស្រី​នៅ​ម្ដុំ​បឹងត្របែក ក្នុងទិសដៅ​ច្រាស់​គ្នា​ចំ​ពេញទំហឹង​បណ្ដាលអោយ​ជនរងគ្រោះ​ផ្លោង​ហោះ​ទៅបុក សំ​យ៉ាប​ផ្ទះ​គ្លីនិក​ព្យាបាល​ច្រមុខ​ត្រចៀកកំ​ពស់ប្រមាណ​៤​ម៉ែត្រ​ហើយ​ធ្លាក់​មក​វិញ​រងរបួស​ផុង​ប្រេះ​លលាដ៍ក្បាល និង​ខ្ទេច​ប្រអប់ជើង​ខាងឆ្វេង​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែងកើតហេតុ ចំណែក​រថយន្ត​បង្ក​ព្យាយាម បើក​រត់​បាន​ចំងាយ​ប្រមាណ​៧០​ម៉ែត្រ​ក៏​ទៅមុខ​លែង​រួច​ដោយសារ​រង​ការខូចខាត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង ចំណែក​បុរស​ជនជាតិ​ចិន​ក៏​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​ទុក​ក្នុង​រថយន្ត​មិន​អោយ​រត់​ទៅ​ណា​រង់ចាំ​សមត្ថកិច្ច​ជំនាញ​មក​ទើប​ប្រគល់​ខ្លួន​អោយ​។ បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​និង​ប្រគល់​សព​ជនរងគ្រោះ អោយទៅ​ក្រុមគ្រួសារ​យក​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​និង​រថយន្ត​សមត្ថកិច្ច​បាន​ស្ទូច យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1 2 3