ចំនួនសិស្ស និងមណ្ឌលប្រលងបាក់ឌុបឆ្នាំនះ នៅខេត្តបាត់ដំបង មានការកើនឡើង

0

ខេត្តបាត់ដំបង ÷ បើប្រៀបធៀបទៅនឹងឆ្នាំមុន ទាំងចំនួនបេក្ខជនដែលត្រូវប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងចំនួនមណ្ឌលប្រលង ក្នុងខេត្តបាត់ដំបង គឺមានការកើនឡើង ព្រមទាំងមានការចាត់ចែងជួយជ្រោមជ្រែងពីសំណាក់ឯកឧត្តមអភិបាលខេត្តផងដែរ។កាលបរិច្ឆេទនៃការប្រលងយកសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះហើយ។ នៅក្នុងឱកាសកៀកថ្ងៃប្រលងនេះដែរ គេសង្គេតឃើញប្អូនៗសិស្សានុសិស្ស ទាំងនៅក្នុងក្រុង ក៏ដូចជាសិស្សដែលមកពីតាមបណ្តាស្រុកឆ្ងាយៗ បាននាំគ្នាធ្វើដំណើរទៅអុជធូប បែរបន់រូបសំណាកលោកតាដំបងគ្រញូង ដើម្បីសុំអោយពួកគេបានប្រលងជាប់គ្រប់ៗគ្នា ដែលលោកធ្លាប់តែមានឈ្មោះ បោះសម្លេង រន្ទឺសុសសាយល្បីល្បាញថា មានមហិទ្ធិរិទ្ធខ្លាំងពូកែ តាំងពីដើមរៀងមក។

នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នេះដែរ តាមរយ:ទូរស័ព្ទ លោក យី សុងគី ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តបាត់ដំបង បានមានប្រសាសន៍បញ្ជាក់ថា នៅឆ្នាំសិក្សា២០២២-២០២៣ នេះ ចំនួនមណ្ឌលប្រលងបានកើនឡើងរហូតដល់ ១៤ មណ្ឌល ដែលកាលពីឆ្នាំមុនមានតែ១០មណ្ឌល ដោយឡែកបេក្ខជនដែលបានចុះឈ្មោះប្រលងនៅទូទាំងខេត្ត សរុបមានចំនួន ៨.៩៨៧ រូប ។ លោកប្រធានមន្ទីរបានបន្តថា នៅក្នុងឆ្នាំនេះដែរ មន្ទីរបានរៀបចំជាកន្លែងសម្រាប់សិស្សមកពីបណ្តាស្រុកឆ្ងាយៗ បានកន្លែងសម្រាក គឺមាន៥ទីតាំង គឺ សាលាបឋមសិក្សា អូរចារ សាលាបឋមសិក្សាវត្តកំផែង សាលាបឋមសិក្សាជ្រៃកោង សាលាបឋមសិក្សា១៣មករា និងសាលាបឋមសិក្សាព្រែកព្រះស្តេច ។ នៅក្នុងនោះផងដែរ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្ត ក៏បានបញ្ជាទៅតាមស្រុកមួយចំនួន អោយមានការពិនិត្យឡើងវិញទៅលើចំនួនសិស្សដែលត្រូវឡើងមកប្រលង ត្រូវយកចិត្តទុកដាក់ និងធ្វើការឧបត្ថម្ភដល់សិស្សណាដែលមានជីវភាពខ្វះខាង ហើយនៅគ្រប់មណ្ឌលប្រលងទាំង១៤មណ្ឌល ឯកឧត្តអភិបាលខេត្ត មិនអនុញ្ញាតអោយយកលុយថ្លៃផ្ញើ កង់ ម៉ូតូ ឡើង ដោយលោកជាអ្នកចេញមុខបង់អោយទាំងអស់។

លោកប្រធានមន្ទីរបានសង្កត់ធ្ងន់ថា នៅក្នុងការប្រលងឆ្នាំនេះដែរ គឺឯកឧត្តមអភិបាលខេត្ត បានបញ្ជាអោយមានការត្រៀមរថយន្តសង្គ្រោះចំនួន ៧ គ្រឿង ហើយនៅក្នុងមួយមណ្ឌលត្រូវមានគ្រូពេទ្យចំនួន ២រូប ដើម្បីប្រចាំការ ព្រមទាំងបានត្រៀមអាល់កុល និងចែកម៉ាស់ដល់សិស្សានុសិស្ស និងអនុរ័ក ជាង១ពាន់នាក់ផងដែរ ៕ អត្ថបទ : ព្រាប.ស