សកម្មភាពដឹកជញ្ជូនអុសព្រៃ របស់មេឈ្មួញឈ្មោះ យាយរី នៅបន្តយ៉ាងគគ្លើន ទោះបី ជំនាញរដ្ឋបាលព្រៃឈើ ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ ជាច្រើនលើក

(កំពង់ធំ)៖ ជាក់ស្តែងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មេឈ្មួញរថយន្តខ្នាតយក្យនៅតែបន្ត ដឹកជញ្ជូនផលិតផលព្រៃឈើ ចេញពីតំបន់ព្រៃឡង់ យ៉ាងសកម្មដែលបោះទីតាំង នៅភូមិពោធិ៍រោង ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

យោងប្រភពនៅទីនោះឲ្យដឹងថា មេឈ្មួញដុះស្លែខាងលើនោះ មានឈ្មោះថា យាយរី កន្លងមកមេឈ្មួញរូបនេះ និងបក្ខពួកតែងតែសំងំ បោះជំរំ និងផ្លាស់ប្ដូរទីតាំងជាច្រើនកន្លែងរួចមកហើយ  នៅភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីរង់ចាំប្រមូល និងគៀងគរឲ្យប្រជាពលរដ្ឋចូលទៅកាប់ឈើប្រភេទអុសព្រៃ ដើម្បីមកលក់ឲ្យខ្លួន លុះប្រមូលទិញបានច្រើនហើយគឺមានរថយន្តខ្នាតយក្ស៣ ទៅ៤គ្រឿងចាំដឹកយកទៅលក់បន្ត។ សកម្មភាពទាំងនេះបញ្ជាក់ឲ្យឃើញថា ជាការប្រឆាំងបទបញ្ជារបស់មុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ សម្តេចតែងតែដាក់បទបញ្ជានិងយ៉ាងម៉ឺងម៉ាត់ការ ទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសបំផ្លាញធនធានធម្មជាតិ គ្រប់រូបភាព។

ពាក់ព័ន្ធករណីនេះ មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំឲ្យដឹងថា កន្លងមកមេឈ្មួញឈ្មោះ យាយរី នេះ ដែលមានទីតាំងនៅ ចំណុចភូមិពោធិ៍រោង ឃុំសុចិត្រ ធ្លាប់បានធ្វើកិច្ចសន្យា និងបញ្ឈប់សកម្មភាពរួចមកហើយដែរ ប៉ុន្តែប្រសិនជានៅមានសកម្មភាព មន្ត្រីជំនាញថ្នាក់លើនិងបញ្ជាបង្ក្រាបឲ្យខាងតែបាន។

ទាំងនេះគឺជាការលើកឡើង ពីមន្ត្រីជំនាញតែប៉ុណ្ណោះ ដោយឡែកមហាជនសូមស្នើ ឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះទៅពិនិត្យជាក់ស្ដែងនៅភូមិសាស្ត្រដែលបានរៀបរាប់ខាងលើ ដើម្បីឈានដល់ការបង្ក្រាបទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំ ដើម្បីរក្សាបាននូវធនធានធម្មជាតិយូរអង្វែងជានិរន្តរិ៍។