សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិកា បក្សទាំងអស់ ត្រូវបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ

0

ខេត្តព្រះវិហារ៖ ការថ្លែងរកការអំពាវនាវរបស់ លោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានធ្វើឡើងនៅថ្ងៃទី១៤ធ្នូ២០២២ ក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជា ឃុំត្បែងពីរ  ស្ថិតនៅក្នុងស្រុកគូលែន  ខេត្តព្រះវិហារ ។

នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មី ស្នាក់ការ CPP ឃុំត្បែងពីរនោះទៀត ក៏មានការអញ្ជើញចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ,លោក គីម  រិទ្ធី  អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ  រួមទាំង លោក លោកស្រី ជាប្រធាន អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មន្ត្រី និងអាជ្ញាធរមូលដ្ឋានប្រមាណ ៣០០នាក់។

លោក មាស  សុភា  បានថ្លែង ពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ,សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបទៀត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ទាំងអស់ នៅក្នុងខេត្តព្រះវិហារនេះ។

លោក មាស សុភា មានប្រសាសន៍ទៀតថា ថ្ងៃនេះគឺជាមោទនភាពសម្រាប់ឃុំត្បែងពីរ ដែលនឹងទទួលបានអគារទីស្នាក់ការថ្មី គណបក្សប្រជាជនកម្ពុជា នាពេលខាងមុខ តាមរយៈការចាប់ផ្ដើម  និងកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសងនាឱកាសនេះ។

លោក មាស សុភា បានថ្លែងចាត់ទុក អគារស្នាក់ការបក្សថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយក្នុងចំណោមសមិទ្ធផលផ្សេងៗជាច្រើនទៀត  សម្រាប់ស្រុកគូលែន ក៏ដូចជាខេត្តព្រះវិហារ ដែលថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ ជាពិសេស រាជរដ្ឋាភិបាល  ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ដ្រី បានខិតខំយកចិត្តទុកដាក់ក្នុងការ អភិវឌ្ឍ  និងកសាងឲ្យមានការរីកចំរើនរហូតមក គឺដោយសារគោលនយោបាយ ឈ្នះឈ្នះ របស់សម្ដេចតេជោ ដែលបានធ្វើឲ្យប្រទេសជាតិ មានសុខ សន្តិភាព  ស្ថេរភាព រហូតមកដល់សព្វថ្ងៃនេះ។

លោក មាស សុភា បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា បានចាក់គ្រឹះតាំងពីថ្នាក់កំពូល រហូតដល់ថ្នាក់មូលដ្ឋាន យើងមានកន្លែងធ្វើការសមរម្យ បើប្រៀបធៀបជាមួយគណបក្សផ្សេងមួយចំនួនទៀត គឺគេធ្វើការតាមផ្ទះ តាមក្រោមដើមឈើនៅឡើយទេ។

លោក មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិ ទទួលបានសុខ សន្តិភាព និងការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យជារៀងរហូត៕ ដោយ៖ឡុង សំបូរ