​រថយន្ត​អង្គការ​ដោះមីន​ហេ​ឡូ​ត្រាស់​បើក​លឿន​បុក​ជាមួយ​ម៉ូតូ​ក្នុងទិសដៅ​ច្រាស​គ្នា បណ្តាលឱ្យ​ស្លាប់​ម្នា​ក់នៅ​ក្រុងប៉ៃលិន​

0

​ខេត្ត​ប៉ៃលិន ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង បណ្តាលឱ្យ​បុរស​ម្នា ក់ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ដោយសារ​រថយន្ត​មួយគ្រឿង​របស់​អង្គការ​ដោះមីន​ហេ​ឡូ​ត្រាស់ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​ពេល​រថយន្ត​គេច​ជង្ហុក ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ពេញទំហឹងបុរស​ម្នាក់​ផ្លោង​ទៅ​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃទី​០១​តុលា ២០១៤ ស្ថិតនៅ​ចំណុច​ខាងត្បូង​វត្តភ្នំ​រាំង ក្នុងភូមិ​ភ្នំ​រាំង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។BTB (1)
​ ​បើក​ម៉ូតូ ឈ្មោះ ឈាង ឡេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​កម្មករ មាន​ស្រុកកំណើត​រស់នៅ ភូមិ​បុសខ្នុរ ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ប​ច្ច​ប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​ចាស់ អត់​ស្លាក​លេខ​រង​ការខូចខាត​ខ្ទេច​ទាំងស្រុង ។ ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ យួ​ម មុំ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​មន្ត្រី​ធ្វើការ​ដោះមីន ប្រចាំ​អង្គការ​ហេ​ឡូ​ត្រាស់ រស់នៅ​ភូមិ​ឡា​កេ​ត ឃុំ​ឡា​កេ​ត ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ដោយ​បើកបរ​រថយន្ត​ម៉ាក​ឡង់​រឺ​វ័រ ពណ៌​ស ពាក់​ស្លាក​លេខ NO 812025 រង​ការខូចខាត​ផ្នែក​ខាង ក្រោម​ស្រាល ។BTB (2)
​ ​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ រថយន្ត​មួយគ្រឿង​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះដល់​កន្លែងកើតហេតុ ស្រាប់តែ​រថយន្ត​គេច​ជង្ហុក​ទៅខាង​ឆ្វេង​ដៃ លុះ​ពេល​ម៉ូតូ​មួយគ្រឿង​ទៀត​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា ពី​ជើង​ទៅ​ត្បូង បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​យ៉ាង​ពេញទំហឹង បណ្តាលឱ្យ​គៀប​ជាប់​នៅក្រោម​រថយន្ត រីឯ​មនុស្ស​ខ្ទាត​ផ្លោង​ធ្លាក់​ទៅក្នុង​ប្រឡាយ​អត់​ទឹក​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង ។

ប្រភព​ដដែល​បាន​បន្តទៀតថា ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​រស់នៅ​ក្បែរ​វត្ត​នោះ យកទៅ​បូជា​នៅក្នុង​វត្តភ្នំ​រាំង រង់ចាំ​បងប្អូន​ធ្វើដំណើរ​មកពី​ស្រុកកំណើត យក​ឆ្អឹង​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ រីឯ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្នងការ​ខេត្ត​ប៉ៃលិន យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរ​ស្នងការ​ខេត្ត​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕