ប្រជាពលរដ្ឋចំនួនពីរភូមិក្នុងឃុំក្ដុលសែនជ័យស្រុកទឹកផុសនាំគ្នាសម្រុកចូលព្រៃរក ខណ:ផ្សិតប៉ក់លក់កំពុងមានហាងឆេងខ្ពស់

0

សុខ គឹមសៀនកំ

ពង់ឆ្នាំង: ប្រជាពលរដ្ឋ រស់ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនិងខ្លះទៀតមកពីភូមិបំណក់ស្រុកក្រគ ខេត្តពោធិ៍សាត់សម្រុកចូលព្រៃរកផ្សិតប៉ក់ ឬផ្សិតផូងផាង លក់ព្រោះកំពុងតែបានថ្លៃ។

ជួបជាមួយអ្នកសារព័ត៌មាននាល្ងាចថ្ងៃទី 23 ខែឧសភា ឆ្នាំ 2023 ប្រជាពលរដ្ឋដែលបានត្រឡប់ពីរកផ្សិតប៉ក់លក់ឲ្យឈ្មួញវិញបាននិយាយឲ្យដឹងថាពួកគាត់ខ្លះមកពីភូមិបំណក់ក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ចំណែកខ្លះទៀតរស់នៅក្នុងឃុំក្ដុលសែនជ័យតែម្ដងគឺងើបតាំងពីម៉ោង 4ម៉ោង 5ទាបភ្លឺនាំគ្នាចូលទៅក្នុងព្រៃភ្នំដែលស្ថិតនៅក្នុងតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ដើម្បីរុករកដកផ្សិតប៉ក់ យកមកលក់ ព្រោះកំពុងតែមានហាងឆេង។

ពួកគាត់បានបញ្ជាក់ថាក្នុងម្នាក់ៗរកបានត្រឹមតែមួយគីឡូទៅពីរគីឡូតែប៉ុណ្ណោះខណៈដែលផ្សិតប៉ក់មានតម្លៃពី 4 ទៅ 5 ម៉ឺនរៀលនិងពេលខ្លះឡើងដល់ 6 ម៉ឺនរៀលក្នុង 1 គីឡូក្រាម ដូច្នេះក្នុងម្នាក់ៗអាចរកបានពី4មុឺនទៅ5ម៉ឺននិងខ្លះបានរហូតដល់ 10 ម៉ឺនរៀលក្នុងមួយថ្ងៃ។

អ៊ំប្រុសម្នាក់នៅក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ បានបញ្ជាក់ឲ្យដឹងថា ឈ្មួញទិញផ្សិតប៉ក់ យកទៅលក់នៅឯប្រទេសថៃ សម្រាប់អ្នកភូមិវិញផ្សិតប៉ក់ត្រូវបានគេយកទៅលីងជាមួយនឹងស្ករប៊ីចេងហូបធម្មតា តែតាមគាត់ដឹងគេអាចយកទៅធ្វើម្ហូបដូចជាស្ល ឆានិងស្ងោរជើងជ្រូកក៏បានដែរវាមានរសជាតិឆ្ងាញ់។
ចំពោះផ្សិតប៉ក់ភាគច្រើនគឺដុះនៅដីព្រៃមានភ្លើងឆេះសល់កម្ទេចផេះកើតជាផ្សិតប៉ក់ ផ្សិតនេះមិនងាយរកប៉ុន្មាននោះទេខ្លះក៏ដុះឡើងមកលើតែខ្លះទៀតដុះកប់ក្នុងដី បើអ្នករកឃើញមានស្នាមប្រេះដីទើបកាយទៅ ឃើញផ្សិតប៉ក់ នោះហើយ៕