ស្ត្រីម្នាក់បានលោតពីលើស្ពាន ទម្លាក់ខ្លួនចូលក្នុងទឹកទន្លេមេគង្គប៉ុនប៉ងផ្តាច់ជីវិត តែត្រូវបានអ្នកនេសាទជួយសង្គ្រោះទាន់ពេលវេលា

0

ខេត្តស្ទឹងត្រែង៖ ស្ត្រីម្នាក់ទំនងជាមានវិបត្តិក្នុងគ្រួសារ បានលោតពីលើស្ពានដ៏ខ្ពស់ ចូលទៅក្នុងទឹកទន្លេមេគង្គប៉ុនប៉ងផ្តាច់ជីវិត ប៉ុន្តែ ត្រូវបានអ្នកនេសាទប្រទះឃើញ និងជួយសង្គ្រោះទាន់ពេលវេលារួចពីសេចក្តីស្លាប់។

ហេតុការណ៍ដែលបានកើតឡើង ដ៏គួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅវេលាម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំថាឡាបរិវ៉ាត់ បានឲ្យដឹងថា ស្ត្រីដែលលោតពីលើស្ពានមេគង្គស្ទឹងត្រែង ទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេមេគង្គនោះ ឈ្មោះ សុក ខា អាយុ ៣២ឆ្នាំ មានទីកន្លែងកំណើត ភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្នរស់នៅភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

មន្ត្រីដដែលបានឲ្យដឹងទៀតថា នៅពេលស្ត្រីនេះលោតពីលើស្ពានមេគង្គស្ទឹងត្រែង ចូលទៅក្នុងទឹកទន្លេមេគង្គ មានអ្នកនេសាទម្នាក់នៅជិតនោះបានឃើញ និងបានទូរស័ព្ទប្រាប់ប្រជាការពារភូមិ មកជួយស្រង់ចេញពីទឹក និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ដើម្បីសង្គ្រោះជីវិតរួចពីសេចក្តីស្លាប់។

សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុពិត ដែលនាំឲ្យស្រ្តីវ័យ ៣២ឆ្នាំរូបនេះ សម្រេចចិត្តលោតទឹកប៉ុនប៉ងសម្លាប់ខ្លួននៅឡើយទេ ប៉ុន្តែ គេបានដាក់ការសង្ស័យថា ស្ត្រីនេះអាចកើតរោគចិត្ត និងមានវិបត្តិនៅក្នុងគ្រួសារ៕ដោយ៖ឡុង សំបូរ