ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ សុខសន្តិភាព ផ្តល់ ឱកាស ឱ្យ រដ្ឋាភិបាល កសាង ប្រព័ន្ធ ចម្រោះ ទឹក កខ្វក់ ប្រមាណ ២២លាន ដុល្លារ នៅ ក្រុងកំពង់ចាម

0

កំពង់ចាម : ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សុខសន្តិភាព ជា កត្តា ដ៏ សំខាន់ ផ្ដល់ ឱកាស ឱ្យ រដ្ឋាភិបាល កសាង អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហា អនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ២២លានដុល្លារអាមេរិក ការ ថ្លែង បែប នេះ ក្នុងពិធីបើកការដ្ឋានអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងថា មាន សុខសន្តិភាព រាជរដ្ឋាភិបាល យេីង មាន ឱកាស ទាក់ទាញ អ្នក វិនិយោគ មក ដាក់ ទុន នៅ កម្ពុជា មាន សុខសន្តិភាព យេីង មាន ឱកាស ទាក់ទាញ ភ្ញៀវ ទេសចរ រាប់ លាន នាក់ មក លេង នៅ កម្ពុជា មាន សុខសន្តិភាព យេីង មាន ឱកាស យក កសិផល ផលិតផល យេីង ទៅ លក់ នៅ បរទេស បង្កើត ការងារ ជូន បងប្អូន ប្រជាពលរដ្ឋ យើង ធ្វើ ពោលគឺ សុខសន្តិភាព ជា កត្តា មួយ ដ៏ សំខាន់ ដែល មិន អាច កាត់ ថ្លៃ បាន ក្នុងការ កសាង ជាតិ មាតុភូមិ យេីង ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ មេត្តា ចូលរួម ជាមួយ រាជរដ្ឋាភិបាល ដេីម្បី ថែរក្សា សុខសន្តិភាព ស្ថេរភាព នយោបាយ នេះ ឱ្យ ខាង តែ បាន ទោះ ក្នុង តម្លៃ ណា ក៏ ដោយ ដេីម្បី យេីង កសាង ជាតិ មាតុភូមិ របស់ យើង ឱ្យ បាន រុងរឿង ថែម ទៀត ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងកំពង់ចាមនេះ ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់សុខមាលភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព តាមរយៈគម្រោងសាងសង់ប្រព័ន្ធលូ ខ្វាត់ខ្វែង ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងផ្នែកខ្លះនៃសង្កាត់បឹងកុក, សង្កាត់សំបួរមាស និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរទៅកាន់បឹងធម្មជាតិ។ បន្ទាប់ពីគម្រោងនេះ សាងសង់បញ្ចប់ក្រុងកំពង់ចាមនឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែក ច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។

ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត បាន បញ្ជាក់ ថា គម្រោងនេះនឹងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង ៤,១៦គ.ម រួមនឹងស្ថាននីយបូម ចំនួន ១កន្លែង សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៥,៤គម ក្នុងនោះប្រព័ន្ធប្រមូល ប្រវែង ៣៤,៤គ.ម បណ្តាញតភ្ជាប់ទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗ ចូលក្នុងប្រព័ន្ធ ប្រវែង ៥១គ.ម។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាព ចម្រោះ ទឹកកខ្វក់ ចំនួន ៥.០០០ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយបូមមេ ១កន្លែង និងស្ថានីយបូមរង ២កន្លែង បម្រើឱ្យការ ចម្រោះ ទឹកកខ្វក់ តាមផ្ទះ និងអគារការិយាល័យប្រមាណ ៣.៩៦៥កន្លែង ក្នុងសង្កាត់ទាំង៤ នៃ ក្រុងកំពង់ចាម ៕