ពិធីបំពាក់មេដាយការពារជាតិជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន២៥៩នាក់ នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖  រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តស្វាយរៀង
ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពសក្នុងពិធីបំពាក់មេដាយការពារជាតិជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជាចំនួន២៥៩នាក់ នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីផ្ញើជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ការបំពាក់មេដាយជូនបងប្អូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀងនាពេលនេះ គឺជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ចំពោះអតីតយុទ្ធជនកម្ពុជា របស់យើង គិតគូរដល់ជីវភាព រស់នៅ ពិសេសគិតគូរដល់កិត្តិយសរបស់សមាជិកអតីតយុទ្ធជនកម្ពុជារបស់យើង ដែលបានបម្រើជាតិនារយៈពេលកន្លងមកនេះ។
សម្តេចបានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីរភាពស្នេហាជាតិដ៏ឧត្តុងឧត្តម និងមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ សម្តេចតេជោ ហ៊ុន សែន បានក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ដល់អតីតយុទ្ធជនកម្ពុជាចំនួន ៨៦,៩៣១ នាក់ នៅទូទាំងប្រទេស។ សម្រាប់ខេត្តស្វាយរៀង ទទួលបានមេដាយចំនួន ៣,៤៣៦នាក់ ដែលត្រូវបានយកមកបំពាក់ជូនអតីតយុទ្ធជន។
សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា សម័យអតីតរដ្ឋកម្ពុជា គឺបានរៀបចំសមាគមអតីតយុទ្ធជនម្តងហើយ ប៉ុន្តែក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ មិនទាន់រៀបចំឡើងវិញទេ រហូតឆ្នាំ២០០៧ ទើបរាជរដ្ឋាភិបាលមានការរៀបចំឡើងវិញ។
សម្តេចកិតិ្តសង្គហបណ្ឌិត បានថ្លែងអំពាវនាវសមាជិកសមាគមអតីតយុទ្ធជនកម្ពុជានៅក្រុងស្វាយរៀង ត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យនៅគង់វង្សយូរអង្វែង ត្រូវបន្តគាំទ្រកម្មវិធីនយោបាយ នានារបស់រាជរដ្ឋាភិបាល ចូលរួមការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា៕គឹមសេង