កាកបាទក្រហមខេត្តកំពង់ចាម ព្រះរាជពិធីចម្រើនព្រះជន្ម ថ្វាយ ហ្លួងម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា .,

0

.កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កំពង់ចាម  រួមជាមួយ ព្រះសីលសំវរ ព្រះនាគមុនី ព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ នារសៀលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៣ នេះ បាននិមន្ត និងអញ្ជើញ ចូលរួមក្នុង ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម  សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា នៅ វត្តភ្នំជ័យគិរី ហៅវត្តភ្នំហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម  ។

ឯកឧត្តម អ៊ុន ចាន់ដា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុង គណៈកិត្តិយស គណៈ:កម្មាធិការ និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាត លើកហត្ថប្រណម្យបង្គំទូលថ្វាយ ព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ  ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន  និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ ។

បន្ទាប់ពី ព្រះសីលសំវរ ព្រះនាគមុន៏  ព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃ ៨អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយ សាសនា ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ ខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត រួចមក  ឯកឧត្តម អ៊ុនចាន់ដា និង ឯកឧត្តមខ្លូត ផន  ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរប្រគេនព្រះសង្ឃចំនួន ៩អង្គ ដោយក្នុងមួយអង្គ  ៖ ទឹកក្រូច ១កេស  , ទឹកសុទ្ធ ១កេស ,  ផ្លែឈើ ស្រស់ ១ កន្ត្រក, សាដក ១ និង ទេយ្យទាន ១កញ្ចប់ ។ ដោយឡែកព្រះមេគណខេត្ត បច្ច័យ ៤០ម៉ឺនរៀល,  ព្រះបាឡាត់គណខេត្ត បច្ច័យ ៣០ម៉ឺនរៀល និងព្រះមន្ត្រីសង្ឃ បច្ច័យ  ២០ម៉ឺនរៀល ។  ឧបត្ថម្ភ ទីប្រឹក្សា- យុវជនកាកបាទក្រហមកម្ពុជា ២០នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល និង លោកតា លោកយាយ ចំនួន ៥០នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល ៕