ឯកឧត្ដម ងួន រតនៈ បំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន៨១៣នាក់ នៅខេត្តកំពង់ធំ

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនចំនួន៨១៣នាក់ ដែលបានអញ្ជើញមកពីស្រុកប្រាសាទសំបូរ ចំនួន១៨៥នាក់ ស្រុកបាសាទបល្ល័ង្កចំនួន៣៥៦នាក់ និងស្រុកសណ្តាន់ចំនួន២៧២នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ   ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលសំខាន់ៗមួយចំនួន ដែលគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំនិងណែនាំផ្ទាល់ពីឯកឧត្តមនាយ ឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា និងឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ ត្រូវបានបំពាក់គ្រឿងឥស្សរិយយសចំនួន៣លើករួចហើយនាពេលកន្លងទៅថ្មីៗនេះ ដោយលើកទី១ ត្រូវបានបំពាក់ជូនជាកិត្តិយសក្នុងជំហានដំបូងចំនួន១៥០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមនាយ ឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីនិងជាអគ្គលេខាសមាគមអតីតយុទ្ធជនកម្ពុជា និងលើកទី២ ត្រូវបានបំពាក់ជូនអតីតយុទ្ធជនចំនួន២.១០៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលើកទី៣ បំពាក់ជូនអតីតយុទ្ធជនចំនួន៥២៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ហើយនៅក្នុងពិធីនេះអតីតយុទ្ធជនចំនួន៨១៣ នាក់ ដែលត្រូវបានឯកឧត្តម ងួន រតនៈ បំពាក់ជូននៅពេលនេះ លើចំនួនអតីតយុទ្ធជនចំនួនផែនការ៣.៤៤៧នាក់ ជាលើកចុងក្រោយ គ្រប់ចំនួនតាមផែនការដែលត្រូវបំពាក់ជូន។

ឯកឧត្តម ងួន រតនៈ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាម  រយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។

ឯកឧត្តម ងួន រតនៈ បានសូមកោតសរសើរនូវវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជន ដែលបានលះបង់់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានសំណូមពរដល់បងប្អូនអតីតយុទ្ធជនយើងទាំងអស់ ត្រូវបន្តរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាពដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត ។

បន្ទាប់មកឯកឧត្តម ងួន រតនៈ រួមជាមួយឯកឧត្តម សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ បានបំពាក់គ្រឿងឥស្សរិយយស ជានិមិត្តរូបជូនអតីតយុទ្ធជនចំនួន៣០នាក់ និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗមួយចំនួន៦៥.០០០រៀល ដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធកម្ពុជា សម្រាប់ជូនដល់បងប្អូនអតីតយុទ្ធជនទាំងចំនួន៨១៣នាក់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ ៕