ទេសរដ្ឋមន្ត្រី មាស សុភា ចុះចែកបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុដីធ្លី ជូនប្រជាពលរដ្ឋ ជិត ៦០០គ្រួសារ នៅខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ លោកមាស សុភា បានអញ្ជើញចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋ ៥៩២គ្រួសារ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងភូមិចំនួន៣ ស្ថិតក្នុងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តព្រះវិហារ ផងដែរ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការរៀបចំកិច្ចដំណើរការ ក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរបស់រាជរដ្ឋាភិបាល តាមស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗ តាំងពីការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដី និងបំពេញទម្រង់បែបបទប្រមូលទិន្នន័យម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់ នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ និងការធ្វើពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានបញ្ជាក់ថា «លទ្ធផលដែលសម្រេចបានថ្ងៃនេះ គឺអាស្រ័យដោយកម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់ រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេង ក្នុងការចុះបញ្ជីដីធ្លី។ លោកថា កន្លងមករដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋការកាន់កាប់ទន្ទ្រានដីថ្មីៗ បែបអនាធិបតេយ្យ ពីសំណាក់ជនខិលខូច និងជនឱកាសនិយម ដោយទាមទារឱ្យអាជ្ញាធរ ទទួលស្គាល់ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លី ដែលមិនមែនជាដីភោគះ នៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន»។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ នាយឧត្តមសេនីយ៍ មាស សុភា បានអំពាវនាវដល់ប្រជាពលរដ្ឋសូមចូលរួមការពារ«សុខសន្តិភាព»ដែលមានសព្វថ្ងៃនេះ ដើម្បីប្រទេសជាតិកាន់តែមានការអភិវឌ្ឍគ្រប់វិស័យថែមទៀត ហើយត្រូវត្រៀមខ្លួនទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខកុំបីខាន គឺបោះឆ្នោតឱ្យគណបក្សណា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ លោក សំ សារឿន ​បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំសង្កែពីរ មាន៣ភូមិ ក្នុងនោះភូមិសំបូរ ជាភូមិទី១ ដែលក្រុមការងារបានអនុវត្តតាមនីតិវិធី នៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃចែកនេះ។

ប្រធានមន្ទីរ បានថ្លែងទៀតថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋ គឺមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧មិថុនា២០២៣នេះ រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៥ល្លាច។ លោកបញ្ជាក់ថា បណ្ណកាន់កាប់ដីធ្លីនេះមានសារៈសំខាន់ណាស់ ដែលអាចប្រើប្រាស់បានតាមតម្រូវការចាំបាច់ និងត្រូវប្រើប្រាស់ឱ្យស្របទៅតាមច្បាប់ ពិសេសត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ហើយសូមកុំយកបណ្ណកម្មសិទ្ធដីធ្លី ទៅអ៊ុតរឹងដូចអត្តសញ្ញាណបណ្ណឱ្យសោះ៕ ដោយ៖ឡុង សំបូរ