ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដាំកូនឈើប្រណីត ៣៥០ដើម នៅក្នុងដែនព្រៃសហគមន៍ឆែបលិច នៃដែនដីរដ្ឋបាលស្រុកឆែប

0

ខេត្តព្រះវិហារ៖ ផ្នែករដ្ឋបាលព្រៃឈើឆែប និងសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ-ម្លូព្រៃ ដែលដឹកនាំដោយ លោក សេង លាង បានសហការជាមួយ អាជ្ញាធរដែនដី ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ សហគមន៍ព្រៃឈើឆែបលិច-សហគមន៍ព្រៃឈើឆែបក្រសាំង និងមន្ត្រីប្រដាប់អាវុធមូលដ្ឋាន បាននាំយកកូនឈើប្រណីត ៣៥០ដើម មកដាំលើផ្ទៃដីក្នុងទំហំ ២ហិកតា នៅរសៀលថ្ងៃទី២៦មិថុនា២០២៣ នៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។

នាយផ្នែករដ្ឋបាលព្រៃឈើឆែប លោក សេង លាង បានឱ្យដឹងថា កូនឈើប្រណីតចំនួន ៣៥០ដើម ត្រូវបាននាំយកមកលើផ្ទៃដីទំហំ ២ហិកតា នៅក្នុងចម្ការកសិរុក្ខកម្ម នៃដែនសហគមន៍ព្រៃឈើឆែបលិច។ លោកថា កូនឈើប្រណីតដែលត្រូវដាំនៅពេលនោះ មាន ៣៥០ដើម និងមាន ៣ប្រភេទ រួមមាន៖ កូនឈើគ្រញូង ១៥០ដើម កូនឈើប្រណីតធ្នង់ ១៥០ដើម និងកូនឈើប្រណីតបេង ៥០ដើម។

លោក សេង លាង បានបន្តថា វិធីដាំកូនឈើនេះ បានសហការរៀបចំ ដោយគណៈកម្មការសហគមន៍ព្រៃឈើឆែបលិច និងអង្គការរីខូហ្វ ក្រោមជំនួយថវិកាពីទីភ្នាក់ងារស្វីស សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ SDC និងទីភ្នាក់ងារស៊ុយអែត សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ SIDA។

លោក សេង លាង បានបញ្ជាក់ថា ការដាំដើមឈើប្រណីតទាំងនេះ មានគោលបំណង ដើម្បីបង្កើនជីវភាពសមាជិកសហគមន៍ព្រៃឈើ នៅក្នុងស្រុកឆែប និងក៏មានការចែកជូនកូនឈើហូបផ្លែ ដល់អ្នកចូលរួមទាំងអស់ចំនួន ៨០ដើម ក្នុងនោះមាន ដើមអំពិលផ្អែម ២៥ដើម ទាបបារាំង ១៥ដើម ស្វាយ ១៥ដើម និងខ្នុរ ១៥ដើម ផងដែរ៕ដោយ៖ឡុង សំបូរ