ទេសរដ្ឋមន្ត្រី មាស សុភា បន្តចុះប្រគល់បណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋជិត ៧០០គ្រួសារ នៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ

0

ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋ ៦៨០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធដីធ្លីពី លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ នាថ្ងៃទី២៨មិថុនា២០២៣ នេះ ស្ថិតក្នុងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ លោក លី សាវ៉េត បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំត្បែងពីរ មាន៤ភូមិ ក្នុងនោះភូមិក្តាក់ជាភូមិទី៤ ដែលក្រុមការងារបានអនុវត្តតាមនីតិវិធី នៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃចែកបណ្ណកម្មសិទ្ធដីធ្លីនេះ។

លោក លី សាវ៉េត បានកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវប្រគល់ជូនប្រជាពលរដ្ឋទាំងអស់ គឺមានរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ទើបត្រូវបានបិទបញ្ចប់។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានមានប្រសាសន៍ថា បណ្ណកម្មសិទ្ធដីធ្លីពិតជាមានតម្លៃណាស់ ព្រោះបានបង្ហាញពីម្ចាស់ដីពេញលក្ខណៈ ចាប់ពីថ្ងៃនេះតទៅការកាន់កាប់ដីធ្លីរបស់បងប្អូននឹងមានសុវត្ថិភាព ហើយបាតុភាពដីធ្លីនៅពេលមុនៗ ដែលធ្លាប់ជួបប្រទះនឹងត្រូវបញ្ចប់។

លោកទេសរដ្ឋមន្ត្រី មាស សុភា មានប្រសាសន៍ទៀតថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺស្របពេលដែលកម្ពុជា ទទួលបានសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមការពារសុខសន្តិភាពដែលមានសព្វថ្ងៃនេះឲ្យបានគង់វង្ស និងត្រូវត្រៀមលក្ខណៈឲ្យបានស្រេចបាច់ ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីផ្តល់លទ្ធភាពឲ្យឥស្សរជនបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យបន្ថែមទៀត៕ ដោយ៖ឡុង សំបូរ