គ្រួសារកងទ័ពចំនួនពីរគ្រួសារ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ត្រូវបានការយកចិត្តទុកដាក់ចុះសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ

0

ព្រះវិហារ៖  ឧត្តមសេនីយ៍ទោដួងសំនៀងបានបញ្ជាក់ផងដែរថា ទុក្ខព្រួយរបស់យោធា ដែលជាមន្ត្រីក្រោមឱវាទគឺជាភារកិច្ចចាំបាច់បំផុតរបស់ថ្នាក់ដឹកនាំ ពោលគឺទុក្ខលំបាកមន្ត្រីយោធាក្រោមឱវាទគឺជាទុក្ខមេដឹកនាំក្នុងការជួយយកចិត្តទុកដាក់ ទាំងការរស់នៅការស្នាក់នៅ និងសុខភាពអនាម័យ រួមទាំងសកម្មភាពផ្សេងៗ របស់មន្ត្រីថ្នាក់ក្រោម ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៦ សីហា ២០២៣ លោកឧត្តមសេនីយ៍ទោ ដួង សំ នៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ បានដឹកនាំលោកមេបញ្ជាការរង នាយទាហាននាយទាហានរង ពលទាហានជាច្រើនរូប ចុះសួរសុខទុក្ខ គ្រួសារកងទ័ពចំនួន ២គ្រួសារដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ និងបាននាំយកនូវថវិការចំនួន ២៦៥០០០០៛ (ពីលានហុកសិបប្រាំមុឺនរៀល) ជូនដល់គ្រួសារលោកវរសេនីយ៍ឯក សែប រ៉ាវី មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧ និងគ្រួសារលោកវរសេនីយ៍ទោ ឈៀង ឈុនណា នាយសេនាធិការរង កងពលតូចអន្តរាគមន៍លេខ៧ ទទួលបានថវិការចំនួន ៩២០០០០៛ (កៅសិបពីរមុឺនរៀល) រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ។

នៅក្នុង សកម្មភាពចុះសួរសុខទុក្ខគ្រួសារកងទ័ព នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ដួង សំនៀង រួមនឹងថ្នាក់ដឹកនាំក្រោមឱវាទ ក៏បានឧបត្ថម្ភថវិកាដល់ប្រជាពលរដ្ឋចំនួន៣ នាក់ ដែលកំពុងដេកសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបង្អែក១៦មករាផងដែរ ដែលសរុបថវិការ ចំនួន ៤០០០០០៛ (សែសិបមុឺនរៀល) ។

សូមបញ្ជាក់ផងដែរថា ថវិកាដែលនាំយកមកជួយឧបត្ថម្ភទាំងអស់នេះ គឺបានមកពី ការចូលរួមចំណែករបស់នាយទាហាននៅក្នុងទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ។

លោកវរសេនីយ៍ឯក សែប រ៉ាវី បានពោលពាក្យទាំងអួលណែនដើមក ចំពោះមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ដោះស្រាយបញ្ហាលំបាកខ្វះខាតរបស់គាត់កន្លងមក ក៏ដូចពេលនេះជាដើម ដែលគ្រួសារគាត់កំពុងធ្លាក់ខ្លួនមានជំងឺ និងសូមបួងសួងដល់វត្ថុសាកសិទ្ធ ក្នុងលោក តាមជួយថែរក្សា អស់លោកទាំងអស់ ក្នុងក្រុមគ្រួសារ សូមប្រកបជួបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច៕ សួន លីណា