រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសំណេះសំណាលសួរសុខទុក្ខ នាយ និងពលទាហ៊ាន បណ្តាអង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥

0

(ប៉ៃលិន)៖ នៅបរិវេណវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភជូនដល់នាយទាហ៊ាន និងពលទាហាន  និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាព ដែលឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈបញ្ជាការ កងឯកភាពទិស ជាច្រើនអង្គភាពក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់ ដោយនៅក្នុងពិធីក៍មានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងបណ្តាអភិបាល និងអភិបាលរងខេត្ត ប្រចាំទិសយោធភូមិភាគទី៥ ផងដែរ ។

ថ្លែងទៅកាន់នាយ និងពលទាហាននាឱកាសនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា ដូច្នេះនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ សែន គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពចំណុះឱ្យយោធភូមិភាគទី៥ សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន កូនក្មួយ ជំនាន់ក្រោយ ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ »។

បើតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ បានអោយដឹងថា៖ ដោយអនុវត្តន៍បាននូវយុទ្ធសាស្រ្ត ០៣ សកម្មភាព ១០ និងបទបញ្ជា ១១ ចំណុចរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញកន្លងមក ហើយរហូតមកដល់ពេលនេះ យើងមានការទំនាក់ទំនងបានកាន់តែល្អ ជាមួយភាគីកងកម្លាំងថៃ ដោយបានប្រែក្លាយតំបន់ព្រំដែន ដែលធ្លាប់តែមានភាពស្ងប់ស្ងាត់ ដោយសារបញ្ហាប្រឈមជាសកលនៃជំងឺឆ្លងកូវីដ-១៩ ឱ្យក្លាយជាតំបន់ព្រំដែន មានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមដំបូលសុខសន្តិភាព ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន