ខេត្តស្ទឹងត្រែង មានបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាង ១ពាន់នាក់ មានមណ្ឌលប្រឡង២ និងមាន៤៣បន្ទប់

0

ខេត្តស្ទឹងត្រែង៖ អភិបាលស្តីទី ខេត្តស្ទឹងត្រែង លោក ស៊ី សួន បានអញ្ជើញបើកហិបវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)  និងលោក ស្រី កែវ សាវឿន អភិបាលរងខេត្ត បានអញ្ញើញកាត់វិញ្ញាសារប្រឡង និងបានដំណើរការចែកវិញ្ញាសារប្រឡងដល់បេក្ខជន ១ពាន់ ៥៦នាក់ នៅមណ្ឌលប្រឡងពីរ គឺ មណ្ឌលគរុកោសល្យភូមិភាគមួយ និងមណ្ឌល វិទ្យាល័យព្រះរាជបូជនីយកិច្ច នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ប្រធានមន្ទីរអប់រំរយុវជន និងកីឡាខេត្តស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បានឲ្យដឹងថា ខេត្តស្ទឹងត្រែង មាន២មណ្ឌល សម្រាប់ដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ  គឺមណ្ឌល គរុកោសល្យភូមិភាគមួយ មាន ៣៦បន្ទប់ ដំណើរការប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គម មានបេក្ខជន ចំនួន ៨៩២នាក់ និងមណ្ឌល វិទ្យាល័យព្រះរាជបូជនីយកិច្ច ដំណើរការប្រឡងថ្នាក់វិទ្យាសាស្រ្ត ចំនួន ៧បន្ទប់ មានបេក្ខជនប្រឡងចំនួន ១៦៤នាក់ សរុបបេក្ខជនប្រឡងទាំងអស់ចំនួន ១ពាន់៥៦នាក់។

លោក ហ៊ាង បូលី បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ មានក្នុងបញ្ជីចំនួន ១ពាន់ ៥៦នាក់ គឺនៅសម័យប្រឡងថ្ងៃទី០៦ ខែវិច្ឆិកា២០២៣ ពុំមានអវត្តមានបេក្ខជនណាឡើយ ហើយនៅខាងក្រៅ និងនៅខាងក្នុងមណ្ឌលប្រឡងទាំង២ បានដំណើរការយ៉ាងស្ងប់ស្ងាត់ មិនមានអ្វីគួរឱ្យគត់សំគាល់នោះទេ។

ប្រធានគណៈមេប្រយោគទូទាំងប្រទេស លោក គួច គួរលំអរ បានថ្លែងផ្តាំផ្ញើ បេក្ខជនទាំងអស់ «ត្រូវគោរពបទបញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗ ចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត និងមិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទបញ្ញត្តិ នៃការប្រឡងឡើយ»។ លោកបញ្ជាក់ទៀតថា បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ។

អភិបាលស្តីទីខេត្តស្ទឹងត្រែង លោក ស៊ី សួន បានថ្លែង ក្រើនរំលឹកដល់បេក្ខជនទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការប្រឡង ដើម្បីធានាបានលទ្ធផលជាប់គ្រប់ៗគ្នា ត្រូវសរសេរឲ្យបានត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និងត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។

លោក ស៊ី សួន បានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល ១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពចម្បង ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ៕ដោយ៖ឡុង សំបូរ