​ផលិតកម្ម​កម្ពុជា​-​កូរ៉េ ត្រៀម​ចេញ​អាល់​ប៊ុ​ម​ចម្រៀង​រួមគ្នា​លើកដំបូង​

0

​រាជធានី​ភ្នំពេញ ៖ ក្រុម Animation ដែល​ប្រជុំ​ដោយ​ក្រុម​តន្ត្រី Rock របស់​កម្ពុជា ហើយ​ដែល​ទើបនឹង​មាន​វត្ត​មាននៅ​លើ​ទីផ្សារ នឹង​រួមគ្នា​ជាមួយ​នាង Joy តារាចម្រៀង​ដ៏​ល្បីល្បាញ និង​ក្រុម Rania របស់​កូរ៉េ ចេញ​អាល់​ប៊ុ​ម​ចម្រៀង​ជា​លើកដំបូង​ក្នុងពេល​ឆាប់ៗ​នេះ ហើយ​វត្ត​មាននៃ​អាល់​ប៊ុ​ម​

នោះ​នឹងចូលរួម​ក្នុងការ​ប្រកួតប្រជែង​លើ​ទីផ្សារ​សិល្បៈ​នៅ​កម្ពុជា ។​6
​លោក​ប៊ុន ជំនិត អ្នកគ្រប់គ្រង​ក្រុម​តន្ត្រី Rock និង​ជា​អ្នកគ្រប់គ្រង​ក្នុង​ផលិតកម្ម J tone បានឱ្យដឹងថា ក្រុមហ៊ុន Artift Connection ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​នឹង​អញ្ជើញ​ក្រុម​តន្ត្រី Rock របស់ខ្លួន​ដើម្បី​ចេញ​អាល់​ប៊ុ​ម​រួមគ្នា​ជាមួយ​នាង Joy សមាជិក​ក្រុម RaNia របស់​កូរ៉េ សម្រាប់​ដាក់លក់​លើ​ទីផ្សារ​កម្ពុជា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដែល​លោក​គិតថា ជា​ព័ត៌មាន​ថ្មី​សម្រាប់​ទីផ្សារ​សិល្បៈ​នៅ​កម្ពុជា ។​
​លោក​ប៊ុន ជំនិត បន្តថា ការត្រៀម​ចេញ​អាល់​ប៊ុ​ម​ថ្មី​រួមគ្នា​កម្ពុជា​-​កូរ៉េ នេះ​គឺធ្វើឡើង​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​ផង និង​ដើម្បី​នាំ​នាង Joy ដែលជា​សមាជិក​ក្រុម​កូរ៉េ​មក​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ផង​។ ក្រុម Animation របស់​យើង​ចូលទៅក្នុង​ទីផ្សារ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ផងដែរ ។ លោក​មានជំនឿថា ក្រោយពី​វត្តមាន​អាល់​ប៊ុ​ម​ចម្រៀង​រួមគ្នា​ជាមួយ​សមាជិក​ក្រុម​កូរ៉េ រួចហើយនោះ ក្រុម​តន្ត្រី​របស់លោក នឹង​ចាប់ផ្តើម​មានកេរ្តិ៍ឈ្មោះ​ល្បី​ទាំង​ក្នុង និង​ក្រៅប្រទេស​មិន​ខាន ។​
​នាង Joy គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម RaNia ដែលជា​ក្រុម​មួយ​ថ្មី និង​កំពុង​មានឈ្មោះ​ល្បីល្បាញ​នៅ​កម្ពុជា ។ នាង Joy មានឈ្មោះ​ជា​ផ្លូវការ Jutamas Wichai កើត​នៅ​ថ្ងៃទី​២០ កក្កដា ឆ្នាំ​១៩៩០ ជា​ជនជាតិ​ថៃ ។ Joy មិន​គ្រាន់តែ​អាច​និយាយ​ភាសា​ថៃ​បាន​យ៉ាង​ល្អ​នោះទេ តែ​នាង​អាច​និយាយ​ភាសា​កូរ៉េ និង​អង់គ្លេស ចិន និង​ជប៉ុន បានល្អ​ឥតខ្ចោះ​ទៀតផង ។

នាង​បានបង្ហាញ​បទ​ចម្រៀង​ជា​លើកដំបូង​ជាមួយ​ក្រុម RaNia គឺ​បទ Dr.Feel Good ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ។​
​អាច​ចាត់ទុកថា ជា​លើកទីមួយ​ដែល​ផលិតកម្ម​កម្ពុជា រួមគ្នា​ជាមួយ​កូរ៉េ ផលិត​ចេញ​នូវ​អាល់​ប៊ុ​ម​ចម្រៀង​ថ្មី ៕