វត្តមាននាវា Westerdam បានបង្ហាញពីការវិលត្រឡប់ នៃកំណើនភ្ញៀវទេសចរអន្តរជាតិ

0

ខេត្តព្រះសីហនុ៖វត្តមានរបស់នាវាខ្នាតធំ Westerdam ចូលមកទឹកដីកម្ពុជាម្តងទៀតនេះ បានឆ្លុះបញ្ចាំងពីការវិលត្រឡប់នៃភ្ញៀវទេសចរអន្តរជាតិ ដែលជាយុទ្ធសាស្រ្តផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍។​

រដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា នាវា Westerdam បានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណ ១៥០០នាក់ ចូលខេត្តព្រះសីហនុ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២៣។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានប្រាប់អ្នកសារព័ត៌មានថា ភ្ញៀវទេសចរអន្តរជាតិទាំងអស់ នឹងធ្វើដំណើរកម្សាន្តនៅក្នុងខេត្តព្រះសីហនុ នៅតាមតំបន់ឆ្នេរ ទីវត្តអារាម ផ្សារ សាលារៀន និងហូសទៅរាជធានីភ្នំពេញ កំពត និងខេត្តសៀមរាប ផងដែរ។ លោកបានបញ្ជាក់ថា មុននឹងនាវាទេសចរណ៍អន្តរជាតិ សម្រេចចិត្តថា លក់កញ្ចប់ទេសចរណ៍ឱ្យភ្ញៀវអន្តរជាតិ ទៅលេងកម្សាន្តប្រទេសណាមួយនោះ គេតែងតែសិក្សាពីតំបន់ទេសចរណ៍ភាពទាក់ទាញ ជាពិសេសសន្តិសុខ សុវត្ថិភាព ដែលក្នុងនោះ កម្ពុជាស្ថិតនៅក្នុងគោលដៅដែលភ្ញៀវទេសចរអន្តរជាតិ ចាប់អារម្មណ៍ និងមានសុវត្ថិភាពល្អ។

ការត្រឡប់មកកម្ពុជា ជាថ្មីពេលនេះ គឺមានអ្នកទេសចរអន្តរជាតិសរុបចំនួន១ ៩៩១នាក់ ដែលក្នុងនោះ ស្រីចំនួន១ ០៣២ នាក់ មាន៥៤សញ្ជាតិ និងមាននាវឹកចំនួន៧៨៣នាក់ ស្រីចំនួន៦៤៨នាក់ មាន៣០សញ្ជាតិ ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកម្ពុជាវិញ នាវេលាម៉ោង ៩យប់ថ្ងៃទី២៨ ដដែលនេះ ខណៈអ្នកទេសចរប្រមាណ៦០០នាក់ នឹងបន្តស្នាក់នៅ និងធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកទេសចរដែលចុះពីនាវាទេសចរណ៍នេះ ត្រូវបានទទួលស្វាគមន៍ថែមការបំពាក់ក្រមារបស់ខ្មែរ ជូនភ្ញៀវទេសចរទាំងនោះ អមដោយការសម្ដែងក្រុមសិល្បៈជូនភ្ញៀវអន្តរជាតិទទស្សនា។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០ ក្នុងពេលដែលវិបត្តិកូវីដ១៩ រាតត្បាតជាសកល នាវាទេសចរណ៍ Westerdam ដែលកំពុងរសាត់អណ្ដែតនៅលើផ្ទៃសមុទ្រ បានព្យាយាមសុំចូលចតក្នុងដែនសមុទ្ររបស់ប្រទេសជាច្រើន ក៏ប៉ុន្តែត្រូវបានប្រទេសទាំងនោះបដិសេធមិនឱ្យចូលចតឡើយ ដោយខ្លាចមានការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ ខុសពីបណ្ដាប្រទេសដទៃ សម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្ត្រីកម្ពុជា បានបើកបេះដូងមនុស្សធម៌ឱ្យនាវា Westerdam ចូលចតដោយមិនខ្លាចឆ្លងមេរោគកូវីដ១៩ ឡើយ ហើយសម្ដេចតេជោ ក៏បានអញ្ជើញទទួលនាវា Westerdam ដោយផ្ទាល់៕