ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៤ ខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​ក្រុម​​​ការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអញ្ជើញ​ជា​អធិបតី ក្នុងពិធី​សំណេះ​សំណាល​ជាមួយ​អង្គបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ មណ្ឌលភូមិភាគទី៤ ខេត្តប៉ៃលិន ។ ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន លោក​ជំទាវបណ្ឌិត បាន ស្រីមុំ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជនកម្ពុជាខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រី សមាជិកព្រឹទ្ធសភា អនុប្រធានគណបក្សខេត្ត គណបក្សស្រុក និងសមាជិកក្រុមប្រឹក្សាក្រុង/ស្រុកជាច្រើនរូប។

មានប្រសាសន៍ក្នុងឪកាសនោះដែរ ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចប្រធាន សម្ដេចប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តប៉ៃលិនទាំងអស់ សូមប្រកបដោយសេចក្តីសុខ នឹងទទួលបានជោគជ័យ ក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។ឯកឧត្តមប្រធាន ក៍បានសម្ដែងនូវការគោរព និងវាយតម្លៃខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ទាំងអស់ ក្នុង​ខេត្តប៉ៃ​លិន ដែលកន្លងមក បានយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច បម្រើប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន បានល្អប្រសើរ។

ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ ជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលជាការបោះឆ្នោតមួយដ៏ មានសារៈសំខាន់ក្រៃលែងសម្រាប់បុព្វហេតុបន្តកសាង និងការពារមាតុភូមិកម្ពុជាយើង។ ពិតមែនតែការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាជាការបោះឆ្នោតអសកល ប៉ុន្តែគឺជាការបោះឆ្នោតដែលកើត ចេញពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនកម្ពុជាពិតប្រាកដ ព្រោះថាអ្នកតំណាងរាស្ត្រ និងសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តម របស់ប្រជាជន ដែលបាន ប្រសូត្រចេញពីឆន្ទៈរបស់ប្រជាជន។

ឯកឧត្តម អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើសុំឱ្យអង្គបោះឆ្នោតទាំងអស់ ចូលរួមសហការ ជាមួយគណបក្សនយោបាយដទៃ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាបរិយាកាសនយោបាយល្អប្រសើរ ប្រកបដោយសេរី យុត្តិធម៌ សណ្ដាប់ធ្នាប់ល្អ និងសុវត្ថិភាព សម្រាប់ការបោះឆ្នោត ក្នុងគោលដៅពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ឲ្យកាន់តែរឹងមាំឡើង។ជាមួយគ្នានេះ ត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ ព្រមទាំងបានអំពាវនាវ ទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេតាចាចផ្កា លេខរៀងទី១ នៅលើសន្លឹកឆ្នោត ឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានានូវជោគវាសនាប្រទេសជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន