តុលាការខេត្តស្ទឹងត្រែង សម្រេចឃុំខ្លួនបុរសជនជាតិវៀតណាម៤នាក់ ពាក់ព័ន្ធលួចខួងយករ៉ែក្រោមដី ដោយគ្មានច្បាប់អនុញ្ញាត

0

ខេត្តស្ទឹងត្រែង៖ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃ៨មករានេះថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន បុរសជនជាតិវៀតណាម ៤នាក់ ដែលជាប់ពាក់ព័ន្ធលើករណីជីកកកាយខួងយករ៉ែដោយខុសច្បាប់ កាលពីថ្ងៃទី៦មករាឆ្នាំ២០២៤ ត្រង់ចំណុចភ្នំដាច់ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

លោក ជា សុភ័ក្រ បានបញ្ជាក់ទៀតថា បុរសជនជាតិវៀតណាមទាំង ៤នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែង នាថ្ងៃ៧មករាម្សិលមិញនោះ ១-ឈ្មោះ ត្រាន ត្រុងតាង អាយុ ៤៦ឆ្នាំ ,២-ឈ្មោះ ចឹង ថាយយឿង អាយុ ២៧ឆ្នាំ ,៣-ឈ្មោះ ងៀន អុងនឿង អាយុ ២៨ឆ្នាំ និង ៤-ឈ្មោះ ឡេ វ៉ាន់ទុន អាយុ ៤២ឆ្នាំ ជនសង្ស័យទាំង ៤នាក់ មានមុខរបរជំនាញសិក្សាដីរុករករ៉ែ មានស្រុកកំណើត ទីក្រុងហាណូយ ប្រទេសវៀតណាម។ និងបច្ចុប្បន្ន ស្នាក់នៅភូមិត្នោតម្លូ ឃុំត្នោតម្លូ ស្រុករវៀង ខេត្តព្រះវិហារ។

គួររំលឹកថា នៅពេលថ្មីៗកន្លងទៅនេះ មានបុរសជនជាតិវៀតណាមទាំង ៤នាក់ បានលួចទៅជីកកាយខួងយករ៉ែខុសច្បាប់ នៅត្រង់ចំណុចភ្នំដាច់ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលនីតិវិធី ដោយលោក នៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងនោះ បានចុះបង្ក្រាបករណីខួងយករ៉ែដោយគ្មានអាជ្ញាបណ្ណ កម្លាំងសមត្ថកិច្ចខណៈនោះ បានឃាត់រថយន្ត ១គ្រឿង ម៉ាកFORD RAVGER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BB-1383 ដែលជនសង្ស័យកំពុងបើករត់គេចចេញពីកន្លែងប្រព្រឹត្ត និងឃាត់បានឃាត់ខ្លួនបុរសជនជាតិវៀតណាម ៤នាក់ ចាប់ដកហូតយករថយន្តFORG ១គ្រឿង ដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីខួងរ៉ែ ២គ្រឿង, ម៉ាស៊ីនគោយន្ត ២គ្រឿង, ទុយោជ័រ៤, ហ្វុយដាក់ទឹក៤,ដែកបំពង់ទីប ៤៦ដើម, ដែកបំពុងទីបធ្វើជើងជ្រែងទប់ម៉ាស៊ីន១២កំណាត់ ឧបករណ៍ស្រូបរុករករ៉ែ ៣គ្រឿង,ថ្ម ដីច្រកក្នុងថង់ប្លាស្ទិក និងដែកឆក់ សម្រាប់យកទៅពិសោធន៍ មួយចំនួនថែមទៀត៕ដោយ៖ឡុង សំបូរ