បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ 

0

 កំពង់ធំ÷ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានដំណើរការសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៣ និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៤ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្វារគមន៍ ដោយបានគូសបញ្ជាក់នូវចំណុចសំខាន់ៗ ដែលអង្គភាពធ្វើបានក្នុងឆ្នាំ២០២៣កន្លងទៅ មានជាអាទិ៍ កិច្ចសហប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ការចូលរួមអនុវត្តគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព ការងារហ្វឹកហ្វឺន រៀនសូត្រ ពង្រឹងកងកម្លាំង និងការអនុវត្តនូវកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ  ហើយនិងបានប្រគល់ទិសដៅការងារសំខាន់ៗមួយចំនួន ជូនដល់បណ្ដាកងឯកភាព និងស្ថាប័នជំនាញពាក់ព័ន្ធដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៤ នេះផងដែរ ។ បន្ទាប់មកឯកឧត្តម ងួន រតនៈ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ របស់ក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព និងបុគ្គល ដែលមានស្នាដៃល្អឆ្នើម ក្នុងការអនុវត្តភារកិច្ចឆ្នាំ២០២៣កន្លងទៅ ។

ឯកឧត្តម ងួន រតនៈ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គម និងសហការល្អក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សង្គម និងបានចូលរួមក្នុងកិច្ចសហការទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងៗ ផងដែរ។

ឯកឧត្តម ងួន រតនៈ បានណែនាំ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២៤ នេះ មានជាអាទិ៍ ការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ការចូលរួមក្នុងការលប់បំបាត់ល្បែងស៊ីសងខុសច្បាប់ ការចូលរួមក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងការពារធនធានធម្មជាតិ ការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ធំ របស់យើង ឲ្យទទួលបានជោគជ័យ។