អភិបាលខេត្ត ត្បូងឃ្មុំ ៖ វត្តអារាម គឺជាទីកន្លែងសក្ការៈបូជា ក៏ដូចជាថ្នាលបណ្តុះនៅ សីលធម៌ គុណធម៌ ដោយមានព្រះសង្ឈ ដែលជាអ្នកដឹកនាំពុទ្ធបរិស័ទ ឱ្យដើរ ក្នុង ផ្លូវល្អ

0

ត្បូងឃ្មុំ : អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានថ្លែងថា វត្តអារាម គឺជាទីកន្លែងសក្ការៈបូជា ក៏ដូចជាថ្នាលបណ្តុះនៅ សីលធម៌ គុណធម៌ ដោយមានព្រះសង្ឈ ដែលជាអ្នកដឹកនាំពុទ្ធបរិស័ទ ឱ្យដើរ ក្នុង ផ្លូវល្អ ស្គាល់បុណ្យ ស្គាល់បាប ខណៈ បងប្អូនប្រជាពលរដ្ឋខ្មែរយើង ភាគច្រើនគឺជាអ្នកគោរពជឿកាន់នៅព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ថ្លែងបែបនេះ ក្នុងពិធីសម្ពោធឆ្លងសាលាធម្មសភា និងសមិទ្ធផលនានា ក្នុង វត្តទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺននង់) ស្ថិតនៅភូមិកោះម៉ឺននង់ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពី ចុង សប្ដាហ៍ កន្លង ទៅ នេះ ។

មានប្រសាសន៍ ក្នុង ឱកាស នោះ ដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងថា “បច្ចុប្បន្ននេះកម្ពុជាមានការរីចម្រើនគ្រប់វិស័យ ហើយហេដ្ឋារចនាសម្ព័ន្ធនានាព្រមទាំងទីវត្តអារាម មានការរីកចម្រើនផងដែរ ទាំងនេះគឺដោយសារសន្តិភាព ហើយសន្តិភាពនេះនឹងបន្តរហូតក្រោមការដឹកនាំ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា”។ ទន្ទឹមនោះក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងមុខងារសាធារណៈ តែងតែមានវត្តមានលើទឹកដី ឃុំកោះពីរជាញឹកញាប់។ ហើយគម្រោងសាងសង់ ស្ពានឆ្លងទន្លេមេគង្គ និង សមិទ្ធិផលនានា ជាច្រើន គឺជាធាតុចូលសំខាន់ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងឃុំកោះពីរ អបអរសារទរយ៉ាងខ្លាំង។

ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលេីកឡេីងថា ទាក់ទងនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សម្រាប់ខេត្តត្បូងឃ្មុំ ដែលនាពេលនេះ ខេត្តត្បូងឃ្មុំកំពុងចាត់វិធានការយ៉ាងក្តៅគគុកចំពោះ ជនណាដែលប្រព្រឹត្តល្បែងស៊ីសង គ្រឿងញៀន ព្រមទាំងបើកបរបំពានច្បាប់ផងដែរ គឺគ្មានការលើកលែងជាដាច់ខាត។ ចំពោះប្អូនៗសិស្សានុសិស្ស សូម ជៀស ឱ្យ ឆ្ងាយពីគ្រឿងញៀន ហើយខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារនិងសង្គមជាតិទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា ការដាក់សម្ពោធឆ្លងនៅសាលាធម្មសភា នឹងសមិទ្ធិផលនានា នៅវត្ត ទីបរតនសោភ័ណ (ហៅវត្តកោះម៉ឺននង់) ដោយសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនា ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រគេនជូននៅថវិកាចំនួន ៨០លានរៀល ដល់វត្តដើម្បីធ្វើការចាត់ចែង ព្រមទាំងបានផ្តល់ជូននៅថវិការមួយចំនួនដល់លោកយាយ លោកតា ចាស់ព្រឹទ្ធាចារ្យ លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សផងដែរ ៕