​ជនសង្ស័យ​កាច់ក​ម៉ូតូ​អស់​ល័​ក្ខ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​បណ្ដាលអោយ​រងរបួស​ធ្ងន់​

0

​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​យ៉ាង​ទ្រោម​ខ្លួន ខណៈដែល​ព្យាយាម​កាច់ក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង​ឌ្រី​ម​C125 ស៊េរី​២០១៤ តែ​មិនបាន​សម្រេច ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃទី​៦​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់ចំណុច ក្រុមទី​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សង់​ឌ្រី​ម​C125 ពណ៌​ខ្មៅ​មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ បាន​ជិះ​ចូលទៅក្នុង​ច្រក​ផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ ខណៈនោះ​បុរស​ជា​ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​រួច​ធ្វើ​សកម្មភាព​ព្យាយាម​កាច់ក​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​ឌ្រី​ម​C125 ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 CC-7787 ហើយ​ផ្ដាច់​ខ្សែភ្លើង​ម៉ូតូ​រួច​ព្យាយាម​បញ្ឆេះ​ម៉ូតូ​រត់គេច តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ស្រែក​ឮ​ដល់​ប្រជាពលរដ្ឋ ដែល​នៅ​ជិតខាង​ចេញមក​ដេញចាប់ ដល់​ចំណុច​ផ្ទះ​លេខ​៦១ តាម​បណ្ដោយ​ផ្លូវ​១៥៥ ក៏​ចាប់បាន​ជនសង្ស័យ​ម្នាក់​ខាងលើ រួច​បាន​ព្រួត​វាយ​បណ្ដាលអោយ​ជនសង្ស័យ​រងរបួស​ធ្ងន់​។​ ​

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហេង ចំរើន អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​សង្កាត់​តាខ្មៅ ខេត្តកណ្ដាល​។​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​បាន​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់ស្រមោល​។​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​ទួល​ទំពូង​១ ដើម្បីអោយ​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​Image2 Image4 Image5