រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត លើករាសីសុំពរជ័យ ពីទេវតាឆ្នាំថ្មី  

0

កំពង់ធំ: នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្តទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ជំរុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសេរីមង្គលពីទេវតាឆ្នាំថ្មី ព្រះនាម មហាទរាទេវី បុត្រីទី៧  ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកំពង់ធំតែងតែរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់មន្ត្រីរាជការឱ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។

នៅក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ត្រីរាជការរដ្ឋបាលខេត្តកំពង់ធំ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនដោយស្មារតីយកចិត្តទុកដាក់ ធ្វើឱ្យរដ្ឋបាលខេត្តទាំងមូលទទួលបាននូវលទ្ធផលជោគជ័យជាច្រើន ពិសេសគឺមានភាពទំនាក់ទំនងយ៉ាងល្អជិតស្និទ្ធ ពីមន្ត្រី១ទៅមន្ត្រី១ ក្នុងការអភិវឌ្ឍសមត្ថភាព និងជំនាញប្រកបដោយត្រឹមត្រូវ និងយុត្តិធម៌។អត្ថបទលោក ធូ កែមុន្នី