មន្ត្រី ជាន់ខ្ពស់ ក្រសួង មហាផ្ទៃ បានថ្លែងថា ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានារក្សាបាននូវសន្តិសុខជាតិ

0

កំពង់ចាម : ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងក្របខ័ណ្ឌនៃគណៈបញ្ជាការរដ្ឋបាលឯកភាពរាជធានី ខេត្ត គណៈបញ្ជាការរដ្ឋបាលឯកភាពក្រុង ស្រុក ខណ្ឌ និងយន្តការនានា ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានារក្សាបាននូវសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្តល់សេវាសាធារណៈល្អប្រសើរនៅមូលដ្ឋាន។ ការ ថ្លែង បែប នេះ ក្នុង កិច្ច ប្រជុំ ផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ នៅ សាលា ខេត្ត កំពង់ចាម នារសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤ ។

ថ្លែង ក្នុង កិច្ច ប្រជុំ នោះ ដែរ ឯកឧត្ដម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលេីកឡេីងថា ការលើកកម្ពស់ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅគ្រប់ថ្នាក់ ព្រមទាំងការពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បី ឆ្លើយតបទៅនឹងតម្រូវការ សំណើសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា លទ្ធផលដែលសម្រេចបានក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រួមមាន៖ អំពីសភាពការណ៍បទល្មើសកើតឡើង ចំនួន ៤លើក ថយចុះ ៥០ភាគរយ បើប្រៀបធៀបត្រីមាសទី១ឆ្នាំ២០២៣ ដោយបង្ក្រាបបាន ៤លើក ស្មើ ១០០% នៃបទល្មើសដែលកើតឡើង ឃាត់ខ្លួន៥នាក់ ។ ក្នុងនោះជា ៖ បទល្មើសព្រហ្មទណ្ឌកើតឡើង ៤លើក ថយចុះ ២លើក ស្នើ៣៣% បើប្រៀបធៀបត្រីមាសទី១ ឆ្នាំ២០២៣ ក្នុងនោះបង្ក្រាបជាក់ស្ដែងបាន ៤លើក ឃាត់ខ្លួនសរុប ៥នាក់ ។
បទល្មើស(រំលោភសេពសន្ថវៈ) និងការបំពានផ្លូវភេទដទៃទៀត ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កន្លងទៅនេះ ឃុំ-សង្កាត់ដែលមានបទល្មើសមានចំនួន ៤ឃុំ-សង្កាត់ និងឃុំ-សង្កាត់គ្មានបទល្មើសមាន១០៥ ក្នុងចំនោម ១០៩ឃុំ-សង្កាត់ ។
ដោយឡែកបទល្មើសផ្សេងៗដូចជា ៖ បទល្មើសគ្រឿងញៀន ៩២លើក ឃាត់ខ្លួន៣១៥នាក់  ក្នុងនោះជា ករណីជួញដូរ ៦២លើក ឃាត់ខ្លួន ១៧២នាក់ ករណីប្រើប្រាស់ ៣០លើក ឃាត់ខ្លួន ១៤៣នាក់ ។
បទល្មើសល្បែងស៊ីសងខុសច្បាប់ ៧លើក ឃាត់ខ្លួន ៣៣នាក់ ។
បទល្មើសប្រឆាំងការជួញដូរមនុស្ស ៣លើក ឃាត់ខ្លួន ៧នាក់។
បទល្មើសសេដ្ឋកិច្ច ២២លើក ឃាត់ខ្លួន២០នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង ៤៩លើក កើនឡើង ៨លើក ស្មើ ២០% បណ្ដាលអោយស្លាប់ ២៩នាក់ កើន ១នាក់ ស្មើ៤%, របួស ៦៦នាក់ កើនឡើង ១៩នាក់ ស្មើនឹង ៤០% ៕