មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ ” លើកកម្ពស់សមធម៌សុខភាព សមធម៌ភាពយេនឌ័រ និងសិទ្ធិមនុស្ស ប្រយុទ្ធនឹងជំងឺគ្រុនចាញ់និងជំងឺ “

0

បន្ទាយមានជ័យ៖ ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ ” លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ២៥ មេសា ២០២៤ត្រូវបានប្រារព្ធធ្វេីឡេីងសាលាបឋមសិក្សា ភូមិថ្មី ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ក្រោមការរៀបចំរបស់មន្ទីរសុខភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ។

លោក រឿន សុធី អនុប្រធានមន្ទីរសុខាភិបាល បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងសុខភិបាល ក៏ដូចជារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទផ្លាស្មូដីយ៉ូម-ហ្វាល់ស៊ីប៉ារ៉ូម នៅឆ្នាំ២០២៣ និងគ្រប់ប្រភេទទាំងអស់នៅឆ្នាំ២០២៥ ស្ថានភាពជំងឺ គ្រុនចាញ់ក្នុងខេត្តបន្ទាយមានជ័យ ក្នុងឆ្នាំ២០២៣ មានករណីគ្រុនចាញ់ចំនួន០៣នាក់ ក្នុងម្នាក់ប្រភេទ PF និង២នាក់ ប្រភេទនPV ដែលសុទ្ធតែជាករណីនាំចូលមកពីក្រៅប្រទេស។

ដេីម្បីឈានដល់ការលុបបំបាត់ និងទប់ស្កាត់ការកើតឡើងវិញនៃជំងឺគ្រុនចាញ់ប្រភេទមេរោគសន្និ និង គ្រប់ប្រភេទមេរោគទាំងអស់ នៅឆ្នាំ២០២៥ លោកស្រី រស់ សុផានី បានមានប្រសាសន៍ជំរាបដល់អ្នកពាក់ព័ន្ធ ត្រូវផ្តោតការយកចិត្តទុកដាក់ និងពង្រឹងបន្ថែម នៅលើចំណុចមួយចំនួនដូចជា ១-ត្រូវធានានូវគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈ លើការព្យាបាលថែទាំ អតិថិជន និងអ្នកជំងឺ នៅតាមមូលដ្ឋានសុខាភិបាល នៅគ្រប់លំដាប់ថ្នាក់,២-ត្រូវធានាលើការផ្តល់សេវាសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសចំពោះ ស្ត្រីមានផ្ទៃពោះ ទារកនិងកុមារ និងចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់នូវនិន្នាការ នយោបាយពូជសាសន៍ ជនជាតិ និងពណ៌សម្បុរ, ៣-ត្រូវពង្រឹង និង ជំរុញបន្ថែមទៀត នូវការអនុវត្តច្បាប់គ្រប់គ្រងឱសថ ការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ… ជាដើម ដើម្បីធានាអំពីសុវត្ថិភាព ផ្នែកបច្ចេកទេសដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវាទាំងនោះ។

លោកស្រី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ បើសិនមានករណីសង្ស័យថា មានជំងឺគ្រុនចាញ់ សូមទៅធ្វើតេស្តឈាមរកមេរោគគ្រុនចាញ់ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា៕ដោយ៖ឃិន គន្ធា