ខេត្តតាកែវ ដើម្បីពង្រឹងនូវការអនុវត្តន៏ច្បាប់ ដែលនិងឈានដល់ការគោរពសិទ្ធិមនុស្ស ឲ្យបានល្អប្រសើរនោះ នៅព្រឹកថ្ងៃច័ន្ទទី១៧ ខែវិច្ឆិការ ឆ្នាំ២០១៤ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រាជ រដ្ឋាភិបាលកម្ពុជា បានចុះមកផ្សព្វផ្សាយពីសិទ្ធិមនុស្ស
និងការអនុវត្តន៏ច្បាប់មួយចំនួន ដល់មន្ត្រីពន្ធនាគារខេត្តតាកែវ ។
មានប្រសាសន៏នៅក្នុងឱកាស់នោះ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអនុវត្តន៏ច្បាប់ និងការគោរពសិទ្ធិមនុស្សកន្លងមក នៅតាមពន្ធនាគារមួយចំនួន នៅក្នុងប្រទេសកម្ពុជាយើង មានភាពល្អប្រសើរ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងនៅមានចន្លោះប្រហោងមួយចំនួន ដែលទាមទាឲ្យមន្ត្រីយើងទាំងអស់ ប្រឹងប្រែងបន្ថែមទៀត ជៀសវាងការកើតឡើងនៃការរំលោភសិទ្ធិមនុស្ស ។
ឯកឧត្តម ម៉ក់ សម្បត្តិ បានបន្តថា ប្រទេសកម្ពុជាយើង ជាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ហើយកន្លងមកអង្គការសហប្រជាជាតិ ក៏បានធ្វើការកោតសសើរ ដល់ប្រទេសយើង ដែលមិនមានទោសប្រហាជិវិត។ហើយយើងបានធ្វើរបាយការណ៏ ស្ដីពីសិទ្ធិមនុស្សទៅគណៈកម្មាការសិទ្ធិមនុស្ស របស់អង្កការសហប្រជាជាតិរៀងរាល់៤ឆ្នាំម្ដង ដូច្នោះដើម្បីកុំឲ្យមានការលើកឡើង ពីកំហុសឆ្គងបន្តិចបន្តួច របស់មន្ត្រីយើងពីសំណាក់មន្ត្រីសិទ្ធិមនុស្ស
អង្គការសហប្រជាជាតិ ដែលចុះមកតាមប៉ុស្តន៏ នគបាលនិងកន្លែងឃុំឃាំងមួយចំនួន នៅក្នុងប្រទេសកម្ពុជា មន្ត្រីយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ ពីការអនុវត្តន៏ច្បាប់ មិនប្រើទារុណកម្មដល់អ្នកទោស មិនត្រូវឲ្យមានបងតូចបងធំ នៅក្នុងពន្ធនាគារ ដែលឈានដល់ការប្រើអំពើហឹង្សា ដល់អ្នកទោសដូចគ្នានិងមិនត្រូវឲ្យមានការប្រើប្រាស់គ្រឿងញៀន នៅក្នុងពន្ធនាគា ជាពិសេសមន្ត្រីពន្ធនាគារ ត្រូវសហការជាមួយគ្រូពេទ្យ ដើម្បីតាមដានដល់សុខភាព របស់អ្នកទោសផងដែរ។
បន្ទាប់ពីបានបញ្ចប់ការផ្សព្វផ្សាយ ស្ដីពីសិទ្ធិមនុស្សនិងច្បាប់ ដល់មន្ត្រីពន្ធនាគារ ឯកឧត្តម ម៉ក់ សម្បត្តិ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលពិនិត្យមើលស្ថានភាពរស់នៅ របស់អ្នកទោស នៅក្នុងពន្ធនាគារ ខេត្តតាកែវផងដែរ ៕