អភិបាលខេត្ត​ជួបពិភាក្សា​ជាមួយ​វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ​

​នៅ​ព្រឹក​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ​២០១៤​នេះ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​ប្រតិភូ​វិទ្យាស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ម៉ុ​រី ម៉ុតុ​គី​គឹ​អុ នាយក​វិទ្យាស្ថាន វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ ចូលជួប​សម្តែង​ការ​គួ​សម និង ពិភាក្សា​

ការងារ​មួយចំនួន អំពី​ការអភិរក្ស​វិស័យ​វាយ​ន​ភណ្ឌ ប្រពៃណី​ខ្មែរ នៅក្នុង​ការិយាល័យ​ផ្ទាល់​របស់​ឯកឧត្តម​នៅ​រដ្ឋបាល​សាលាខេត្ត ។​
​មានប្រសាសន៍​នោះ​ដែរ​លោក ម៉ុ​រី ម៉ុតុ​គី​គឹ​អុ បាន​បញ្ជាក់​អំពី​គោលបំណង របស់​ក្រុម​ប្រតិភូ ដែលជា​អង្គការ មួយ​ដែល​បាន​បង្កើតឡើង ដើម្បី​ចូលរួម​ចំណែក​ថែរក្សា និង​អភិរក្ស​វិស័យ​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ និង បាន​ជួយ​បណ្តុះ បណ្តាល​ជំនាញការ​ត្បាញ​សូត្រ និង របៀប​ការចិញ្ចឹម​ដង្កូវនាង យកមក​ធ្វើ​សូត្រ ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ ខេត្ត សៀមរាប ។ លោក​បាន​បន្តទៀតថា កន្លងមក​អង្គការ​របស់​លោក បាន​ធ្វើ​ការជ្រើសរើស​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ និង ក្មេង​កំព្រា នៅតាម​បណ្តា​ជនបទ មក​ធ្វើ​ការបណ្តុះបណ្តាល សិក្សា​រៀនសូត្រ អំពី​ជំនាញ​ទាំងនេះ ។ តាមរយៈ​ស្នាដៃ ការ​ត្បាញ​សូត្រ​នេះ ក៏​ត្រូវបាន​មាន​ការទទួលស្គាល់​ពី បណ្តា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា កម្សាន្ត​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប ។ លោក ម៉ុ​រី ម៉ុតុ​គី​គឹ​អុ បាន​បន្តទៀតថា នៅ​ថ្ងៃ​ខាងមុខនេះ វិទ្យា ស្ថាន​វាយ​ន​ភណ្ឌ​ប្រពៃណី​ខ្មែរ និង​ធ្វើ​ពិធីបុណ្យ​ខួប​កូន​ដង្កូវនាង​លើក​ទី​១២ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ គម្រោង​គតិបណ្ឌិត ពី​ព្រៃព្រឹក្សា (PWF ) ស្ថិតនៅក្នុង ភូមិ​ជប់​សោម ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប នា​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៤ នេះ ក្រោម​ព្រះអធិបតីភាព​របស់ សម្តេច ស៊ី​សុ​វ​ត្ថ ជីវ័ន​មុនី​រ័ក្ស ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ។​
​មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​បាន​សម្តែង​ការកោតសរសើរ​ចំពោះ វិទ្យាស្ថាន​វាយ​ន​ភណ្ឌ ប្រពៃណី​ខ្មែរ ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា លើ​ការបណ្តុះបណ្តាល​មុខជំនាញ បច្ចេកទេស ការ​ត្បាញ​សូត្រ និង ចិញ្ចឹម​កូន​ដង្កូវ​នាង ក្នុង​ការបង្កើន​មុខរបរ ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ។ ឯកឧត្តម​ក៏​បាន​បន្ត ទៀតថា ការបង្កើន​មុខរបរ​ដល់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ជា​ការចូលរួម​អនុវត្ត​នូវ​គោលនយោបាយ កាត់បន្ថយ​នូវ​ភាព ក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង ការបង្កើន​នូវ​ការងារ​ដល់​ប្រជាពលរដ្ឋ ក្រីក្រ ក្មេង​កំព្រា ឲ្យមាន​មុខជំនាញ និង មាន​ការងារ​ធ្វើ ក្នុង​ការបង្កើន​នូវ​សេដ្ឋកិច្ច ជីវភាព​ក្រុមគ្រួសារ​ផងដែរ ។ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប ជា​ខេត្ត​វប្បធម៌​ដ៏​សម្បូរបែប សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ​ល្បីៗ និង បាន​កំពុង​ទាក់ទាញ​នូវ​អារម្មណ៍ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត ។ ម្យ៉ាងទៀត​ការងារ​វិស័យ​តម្បាញ​សូត្រ ក៏​ជា​សេវាកម្ម​មួយ ក្នុង​ការទាក់ទាញ​អារម្មណ៍​ភ្ញៀវ ក្នុងការ​ជាវ​យក​ទៅ​ប្រើប្រាស់​ទៀតផង ។ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ វិទ្យា ស្ថាន​វាយ​ន​ភណ​ប្រពៃណី​ខ្មែរ ដែល​បាន​ធ្វើ​ការពង្រីក និង បណ្តុះបណ្តាល លើ​ជំនាញ​ទាំងនេះ​ទៅ​ដល់​មូលដ្ឋាន ក្នុង ចូលរួម​ក្នង​ការថែរក្សា និង អភិរក្ស​នូវ​តម្បាញ​សូត្រ​ខ្មែរ ទាំង​ការ​ត្បាញ និង ការចិញ្ចឹម​ដង្កូវនាង ដែល​ប្រជាពលរដ្ឋ​ខ្មែរ យើង​បាន​ថែរក្សា អំពី​ស្នាដៃ​នៃ​បុព្វបុរស​ដូនតា​ខ្មែរ​យើង​តរៀងមក ដល់ពេល បច្ចុប្បន្ន​នៅ​លើ​ទឹកដី​អង្គរ​នេះ ៕ 

3