ឯកឧត្តម​អភិបាលខេត្ត​ជួបពិភាក្សា​ជាមួយ​នាយក​គ្រប់គ្រង​សណ្ឋាគារ​សុខា​អង្គរ​

​នៅ​រសៀល​ថ្ងៃ​ទី ១២ ខែ​មីនា​ឆ្នាំ​២០១៤ ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឲ្យ​លោក ជេ​ហ្វ​ហ្វ្រី សាស​ស្មេ​ន នាយក​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​អង្គរ ខេត្តសៀមរាប ចូលជួប​ពិភាក្សា​ការងារ​មួយចំនួន ក្នុង​ការអភិវឌ្ឍន៍​សោ​ភណ្ឌ​ភាព បរិស្ថាន អនាម័យ​

ក្រុង​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប នៅ​សណ្ឋាគារ​បូរី​អង្គរ​ខេត្តសៀមរាប ។ 
​មានប្រសាសន៍​នោះ​ដែរ​លោក ជេ​ហ្វ​ហ្វ្រី សាស​ស្មេ​ន នាយក​គ្រប់គ្រង​ទូទៅ​សណ្ឋាគារ​អង្គរ ក៏​បាន​បញ្ជាក់ ពី​គោលបំណង​របស់​លោក ក្នុង​ការចូលរួម​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប ដើម្បី​ធ្វើ​ការរៀបចំ​នូវ​សោ​ភណ្ឌ​ភាព​ក្រុង ទាំង បរិស្ថាន អនាម័យ ក្នុងការ​ជម្រុញ​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ មានការ​ប្រែ​មុខមាត់​កាន់តែ​ស្រស់បំព្រោង លម្អ​ទៅ ដោយ​ព័ណ៌​បៃតង ដើម្បី​ទាក់ទាញ​នូវ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ ចូលមក​ស្នាក់​នៅ​ទស្សនា​កម្សាន្ត ប្រកប​ទៅ ដោយ​បរិយាកាស​បរិសុទ្ធ ។ លោក​ក៏​បាន​បន្តទៀតថា គម្រោង​របស់​សណ្ឋាគារ​នឹងចូលរួម​ធ្វើ​ការដាំ​ដើមឈើ នៅតាម អម​សង្ខាង​ផ្លូវ​ដែល ខេត្ត​បាន​ធ្វើ​ការពង្រីក ចាប់​ពី​មុខ​សណ្ឋាគារ​សុខា​អង្គរ ទៅដល់​ស្តុប​ភោជនីយដ្ឋាន​ទន្លេសាប ។ ក្នុងនោះ​ដែរ​លោក​ក៏​បាន​បញ្ជាក់ទៀតថា នឹង​ធ្វើ​ការចូលរួម គាំទ្រ ពី​ការរៀបចំ​ធ្វើ​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៤ នៅលើ​ទឹកដី សៀមរាប​អង្គរ ព្រមទាំង​នឹងចូលរួម​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ចូលមក​ស្នាក់​នៅ​ទស្សនា​កម្សាន្ត នៅ​ខេត្ត​ប្រវត្តិសាស្ត្រ ក្នុងឱកាស​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា  ទទួល​អំណរ​សាទរ​បុណ្យ​ចូល ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដើម្បី​បាន​ចូលរួម​សប្បាយរីករាយ ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ៍​ប្រពៃណី​ផងដែរ ។​
​មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​លើកឡើង​ពី​កិច្ចអភិវឌ្ឍន៍​របស់​ខេត្តសៀមរាប ក្នុង​កែលម្អ​សោ​ភណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់​មួយ​នេះ ក្នុង​តម្រូវការ​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ  អន្តរជាតិ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត នៅតាម​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន​ធម្មជាតិ ។ ឯកឧត្តម​បាន​បន្តទៀតថា បច្ចុប្បន្ន​នេះ​ក្រុង​សៀមរាប​ត្រូវបាន​រៀបចំ​កែលម្អ​ផ្លូវ​មួយចំនួន ក្នុងការ​ពង្រីក​ផ្លូវ ដើម្បី​សម្រួល និង បញ្ជៀ​ស​នូវ​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង  ដោយ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ កំណើន​នៃ​ភ្ញៀវ​ទេសចរណ៍​មាន​ការកើនឡើង​ជា​លំដាប់ ហើយ​វិស័យ​ទេសចរ​ជា​សរសៃឈាម​សេដ្ឋកិច្ច នៃ​ប្រភព​ចំណូល​របស់​ជាតិ​មិនចេះ​រីងស្ងួត​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​ទេសចរ​បាន​ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ច និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ខេត្តសៀមរាប​មាន​ការ​ប្រសើរ​ឡើង​ផងដែរ ។ ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​បាន​គូសបញ្ជាក់ថា ដោយ​កត្តា​នេះ​ហើយ ដែល ធ្វើឲ្យ​អាជ្ញាធរ​ខេត្តសៀមរាប ត្រូវ​ធ្វើការ​ពង្រីក​ផ្លូវ និង​បើកផ្លូវ​មួយចំនួន​ជុំវិញ​សួនច្បារ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ព្រម​ទាំង​លើក​គម្រោង​សាងសង់​ស្ពាន​ភ្លោះ  អែប​ស្ពានថ្ម​ព្រះរាជដំណាក់ ក្នុង​ការសម្រួល​ចរាចរណ៍​នៅក្នុង​សៀមរាប​ទៀត​ផង ។ ក្នុង​ដំណាក់កាល​ទី​មួយ​នេះ ធ្វើការ ពង្រីក​នូវ​កំណាត់​ផ្លូវ​ពី​មុខ​សណ្ឋាគារ​សុខា​អង្គរ ទៅដល់​ភ្លើងស្តុប​ទន្លេសាប  ព្រមទាំង​រៀបចំ​គម្រោង​ដាំ​សា​ឡើងវិញ នូវ​ដើមឈើ អម​សង្ខាង​ផ្លូវ​បាន​ពង្រីក នូវ​ប្រភេទ​ដើមឈើ​ដ៏​មាន​តម្លៃ នៅ​ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​យើង​នេះ ។  ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ជម្រាប​ដល់​នាយក​គ្រប់គ្រង​សណ្ឋាគារ ដោយ​នៅ​ថ្ងៃ​ខាងមុខ នឹង​មាន​ការ រៀបចំ​អង្គរ​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប ដែល​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង សូមឲ្យ​មាន​ការចូលរួ​ម​សហកា​រ​គាំទ្រ​គ្រប់​បណ្តា​សណ្ឋាគារ​ទាំងអស់ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ព​.​ស ២៥៥៧-២៥៥៨ គ​.​ស ២០១៤ ដែល​គ្រោង​នឹង​ធ្វើឡើង​ក្រោម​ប្រធានបទ «​ការចូលរួម​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​»​នា​ឆ្នាំ​នេះ ត្រូវបាន​គេ​រំពឹងថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​កាន់តែច្រើន​ទ្វេដង ចូលមក ទស្សនា​នៅ​ខេត្តសៀមរាប​ដែល​ជា​ទីតាំង​នៃ​អតីត​អាណាចក្រ​ខ្មែរ  ៕​

1