រថយន្ត​យី​ឌុប​ដឹក​ដំឡូង​ពីលើ​ឈើ​ពីក្រោម បម្រុង​លោត​ឆត្រ ជាប់អន្ទាក់​មេព្រៃ​(វីដេអូ)

​កំពង់ធំ ៖  ព្យុះ​ឈើ​គ្រញូង បាន​ចរាចរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ឆ្លងកាត់​ខេត្ត​កំពង់ធំ បាន​ធ្វើឲ្យ​មន្ត្រី ជំនាញ ក៏​ដូច​ជា​កម្លាំង​មួយ​ចំនួន មាន​ជីវភាព​ធូរធារ ខ្លះ​មាន​លុយ​រាប់​សិប​លាន​ដុល្លា ដោយសារតែ ការទទួល​បាន​ពី​ឥទ្ធិពល​នៃ​ឈើ​គ្រញូង ។ បន្ទាប់​ពី​ឈើ​គ្រញូង​នៅសល់​ចំហាយ​

តិចៗ ក៏​មាន​ព្យុះ​ថ្មី​មួយទៀត មក​ជំនួស ដែល​គេ​ហៅថា ព្យុះ​ធ្នង់ និង​នាងនួន បានធ្វើ​សកម្មភាព យ៉ាង​គគ្រឹក​គ្រេង នៅលើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ និង​នាំចេញ​ទៅ​ប្រទេសក្រៅ ទិដ្ឋភាព​ការដឹកជញ្ជូន​បទល្មើស  ដែល​ត្រូវបាន​គេ​ដឹង  មាន​សមត្ថកិច្ច មួយចំនួនធំ មាន​ការឃុបឃិត​ជាមួយ​ឈ្មួញ បើកភ្លើង​ខៀវ​ឲ្យ​ឈ្មួញ​ទិញ​ទឹកចិត្ត និង​តួនាទី ដែល​ជា​ការ​ខុស​និង​កា​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន ។​


​តែ​ទោះជា​មាន​រូបភាព នៃ​ការស៊ីសំណូក សូកប៉ាន់​យ៉ាងណាក្តី ក៏​នៅតែ​មាន​សកម្មភាព នៃ​ការបង្ក្រាប​បទល្មើស​ដែល​បាន​ដឹកជញ្ជូន​ព្រៃឈើ ខុសច្បាប់ ជាក់ស្តែង​នៅ​ល្ងាច​ម៉ោង ១៦.១៥​នាទី ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៤ លោក ហ៊ុន អៀង នាយ​អធិការដ្ឋាន​រដ្ឋបាល ព្រៃឈើ​ខាងជើង បឹង​ទន្លេសាប បាន​ដាក់​បទបញ្ជា​ឲ្យ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ និង​កងរាជអាវុធហត្ថ​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដោយ​មាន​ការឯកភាព ពី​លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ ដឹកនាំ​បង្ក្រាប​ផ្ទាល់ ដោយ សេង មុនី នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ សាលា​វិស័យ ស្ទាក់​រថយន្ត​ប្រភេទ យី​ឌុប ម៉ាក​ហី​ណូ ក្បាល​ពណ៌ លឿង ទ្រុង ពណ៌ ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9887 ដោយ​មាន​ការសង្ស័យថា បាន​បង្កប់​បទល្មើស​នៅ​ខាងក្រោម​ដំឡូង​មី ដើម្បី​សុំ​ការត្រួតពិនិត្យ នៅ​ចំនុច​ភូមិ សាលា​ពពេល ឃុំ សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្ត​កំពង់ធំ ក្រោយពី​សមត្ថកិច្ច ចម្រុះ​ធ្វើ​ការត្រួត ពិនិត្យ​ក៏បាន​ប្រទះ​ឃើញ​មាន ឈើ​ប្រភេទ​ធ្នង់ និង​នាងនួន ជាច្រើន​ដុំ ទើប​បាន​នាំ​រថយន្ត​ដឹក​បទល្មើស ដោយ​គ្មាន​លិខិត​អនុញ្ញាតិ មកកាន់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើការ​វាស់វែង ។​


​សមត្ថកិច្ច​មេព្រៃ ជាច្រើន​នាក់ បាន​សុំ​មិន​អោយ​បញ្ជេញ​ឈ្មោះ បាន​ខ្សឹប​ប្រាប់​ថា សមត្ថកិច្ច​មេព្រៃ និង​កំលាំង​មួយចំនួន ពិបាក​ក្នុង​ការបង្ក្រាប​បទល្មើស នៃ​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​ណាស់ ដោយសារ​តែ​ពត៌មាន​ដែល​ទទួលបាន ច្រើន​តែ​បែកការណ៍ ម្យ៉ាងទៀត​នៅពេល​បទល្មើស​មក​ដល់ គោលដៅ​បង្ក្រាប តែងតែ​មាន​ក្រុម​បក្សពួក​ឈ្មួញ ដែល​មាន​រថយន្ត​ជាច្រើន​គ្រឿង ចាំ​បើករថយន្ត​បិទ​រថយន្ត​សមត្ថកិច្ច រារាំង មិន​ឲ្យ​សមត្ថកិច្ច​ធ្វើ​ការឃាត់ រថយន្ត​ដឹក​បទល្មើស​បាន ទោះជា​មាន​ការប៉ះពាល់ ខូចខាត ក៏​ក្រុម​ឈ្មួញ​ទាំង នេះ​ហ៊ាន​ប្រថុយ ចំណែក​ក្រុម​សមត្ថកិច្ច ក៏​មិន​កំលាំង​ត្រៀម​ទុក​មុន​ដូចជា​ក្រុម​ឈ្មួញ​ដែរ  តែ​ក៏​នៅតែមាន ការបង្ក្រាប បាន​ជា​ញឹកញាប់ ដោយសារ​រថយន្ត បែក​កង់ បុក​ដើមឈើ បុក​ផ្ទះ​ប្រជាពលរដ្ឋ ដែល​រថយន្ត​ទាំង​នេះ​មិន​អាច​ទៅមុខ​រួច ចំណែក​រថយន្ត​ដែល​មិន​បាន​ខូចខាត ក៏​ទៅ​ដោយ​រលូន​៕

 

    Image15 Image16