ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត កំពង់ឆ្នាំង អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ លោកស្រី អ៊ុត ណា​រី ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​យេនឌ័រ នៅ​គេហដ្ឋាន​សព​

0

លោកស្រី អ៊ុត ណា​រី ស្នងការរង​នគរបាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុក​យេនឌ័រ បានទទួល​មរណៈភាព នៅវេលា​ម៉ោង​២​និង​៣០​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៥ ដោយ​សោកស្តាយ​អាឡោះអាល័យ​យ៉ាងខ្លាំង ពី​សំណាក់​ក្រុមគ្រួសារ ថ្នាក់​នាំ​ខេត្ត មន្ត្រីរាជការ និង​មន្ត្រីនគរបាល ទូទាំង​ខេត្តកំពង់ឆ្នាំង ។ 4
លោក​ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុទ្ធី ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា លោកស្រី អ៊ុត​ណា​រី មាន​ស្រុកកំណើត នៅ​ភូមិ​ដំណាក់​ពពូល ឃុំ​កំពង់ឆ្នាំង ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្វាមី​លោកស្រី​គឺជា​មន្ត្រីនគរបាល​ខេត្តកំពង់ឆ្នាំង ហើយ​បានទទួល​មរណៈភាព ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ។ 1លោកស្រី​មានកូន​ក្នុងបន្ទុក​៤​នាក់ ស្រី​២​នាក់ និង​ប្រុស​២​នាក់ ។ លោកស្រី អ៊ុត ណា​រី បាន​ចូល​បំរើកា​រងារ តាំងពី​ឆ្នាំ​១៩៨១ ជា​បុគ្គលិក​ពេទ្យ នៅ​ឃុំ​កំពង់ឆ្នាំង ហើយ​លោកស្រី បាន​ផ្ទេរ​ចូល​ជា​កងកម្លាំង​នគរបាល ខេត្តកំពង់ឆ្នាំង​នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​១៩៨៣ មាន​តួនាទី​ជាម​ន្ត្រី ស្ថិតិ​អត្តសញ្ញាណប័ណ្ណ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ។ ដោយមាន​ស្នាដៃ​ល្អ ក្នុង​ការងារ​ជា​បន្តបន្ទាប់ លោកស្រី​បាន​ក្លាយជា​នាយរង ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ។ នៅ​ឆ្នាំ​២០១៤ លោកស្រី​បានទទួល​តំណែង ជា​ស្នងការរង​នគរបាល​ខេត្ត ទទួលបន្ទុក​យេនឌ័រ ។​3
ក្នុងការ​បំពេញភារកិច្ច ជាង​៣៤​ឆ្នាំ​កន្លងមកនេះ លោកស្រី អ៊ុត ណា​រី បានទទួល​បាន​មេដាយ​ការពារជាតិ ចំនួន​៣ គឺ​មេដាយមាស​១ មេដាយប្រាក់​១ មេដាយ​សំរិត​១ និង​ទទួលបាន​មេដាយមាស​ការងារ ចំនួន​១​គ្រឿង ព្រមទាំង​ទទួលបាន​ប​ណ្ណ័​សរសើរ ចំនួន​៣​ផងដែរ ។
នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែមករា ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត រួម​ដំណើរ​ដោយ​មន្ត្រីក្រោមឱវាទ បាន​អញ្ជើញ​ចូលរួម​រំលែក​មរណៈទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ លោកស្រី អ៊ុត ណា​រី នៅ​គេហដ្ឋាន​សព ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ នាឱកាស​នោះ ឯកឧត្តម​អភិបាល ខេត្តកំពង់ឆ្នាំង បាន​នាំយក​នូវ​ថវិកា​មួយចំនួន ចូល​បុណ្យសព លោកស្រី អ៊ុត ណា​រី ផងដែរ ។ 5
វេលា​ម៉ោង​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៥ សព​លោកស្រី អ៊ុត ណា​រី ត្រូវបាន​ដង្ហែ ទៅ​បូជា​នៅ​វត្ត អារញ្ញការាម ស្ថិត​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ៕