អាជ្ញាធរ​ជាតិ​អប្សរា ដាក់​កម្លាំង​១​ពាន់​នាក់​ការពារ​ប្រាសាទបុរាណ ដើម្បី​ទប់ស្កាត់​ភ្ញៀវទេសចរ​ថតរូប​អាសអាភាស​

0

​ខេត្តសៀមរាប​៖ មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​ដឹងថា ខ្លួន​បាន​ពង្រឹង​កងកម្លាំង​សន្ដិសុខ​(​ឆ្មាំ​)​បន្ថែមទៀត សរុប​ចំនួន​ជិត​១​ពាន់​នាក់ ដាក់​នៅតាម​ប្រាសាទបុរាណ​ខ្មែរ ដើម្បី​ការពារ​ជនខិលខូច លួច​ចូល​ថតរូប​អាសអាភាស ដែល​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​វប្បធម៌​និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង​អរិយធម៌​ខ្មែរ​នៅ​តំបន់​ប្រាង្គ​ប្រាសាទបុរាណ​របស់​ខ្មែរ បន្ទាប់ពី​មាន​ជនបរទេស​មួយចំនួន​បាន​លួច​ថតរូប​អាសអាភាស​កាលពីពេល​ក​ន្ល​ង​ទៅ​។​1505588_1694818517411385_3012085177360036625_n
​ ​លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ចំពោះ​ករណី​ភ្ញៀវ​បរទេស​ដែល​ចូលមក​លួច​ថតរូប​អាសអាភាស​នៅក្នុង​ប្រាសាទបុរាណ​កាលពីពេល​កន្លងទៅ​អាជ្ញាធរ​នឹង​បន្ត​រឹតបន្តឹង​បន្ថែមទៀត​។​លោក​បន្តថា ចំណែក​រូបភាព​ស្ត្រី​ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ទំនាក់ទំនង​សង្គម​កាល​ពេល​កន្លងទៅ​វា​ជា​រឿង​រូបភាព​កាត់ត​ច្រើនជាង ហើយ​អាជ្ញាធរ​និង​មិន​ព្រងើយកន្តើយ​ចំពោះ​ករណីនេះ​បានទេ​។​IMG_0273
​លោកស្រី ចៅ​ស៊ុន កិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​១០​ខែកុម្ភៈ​នេះ​ថា ឆ្មាំ​១​ពាន់​នាក់​នោះ​ដាក់​តាម​ប្រាសាទបុរាណ​គ្រប់​ទីកន្លែង​ដោយ​គ្រាន់តែ​កន្លែង​សំខាន់​ខ្លះៗ​មាន​កម្លាំង​ច្រើន ជាងគេ​និង​កន្លែង​ខ្លះ​តិច ដើម្បី​យាមកាម​តាមឃ្លាំមើល​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ភ្ញៀវទេសចរ មួយចំនួន​និង​ការពារ​មិន​ឲ្យ​ពួកគាត់ ប៉ះពាល់​ដល់​វត្ថុ​បុរាណ​និង​ចូល​តំបន់ហាមឃាត់ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​ពួកគាត់​។​លោកស្រី​បន្តថា នៅតាម​ប្រាសាទ​និ​មួយៗ​មាន​កម្លាំង​យាមកាម​ចាប់​ពេល​ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​ដល់​ម៉ោង​៥​និង​៣០​ល្ងាច ប៉ុន្ដែ​លោកស្រី​ថា មិនមាន​ឆ្មាំ​ដាក់​នៅតាម​ប្រាសាទបុរាណ​ក្នុងព្រៃ​នោះទេ ដោយមាន​កម្លាំង​ព្រៃឈើ​ជា​អ្នកការពារ​។u17E0u17E4
​លោក ព្រហ្ម សុវណ្ណ អនុប្រធាន​សមាគម​ទ្រទ្រង់​ក្ដីសង្ឃឹម មគ្គុទេសក៍​ទេសចរ ខេត្ដ​សៀមរាប​បាន​មានប្រសាសន៍​នៅ​រសៀល​នេះ​ថា ពួកគាត់​បាន សាទរ​ទៅនឹង​ការបង្កើន​នូវ​សន្ដិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​បានល្អ​ប្រសើរ​។​លោក​បន្តថា​បន្ទាប់ពី​មានការ​លេចលឺ​នូវ​រូបភាព​អាក្រាតកាយ​នៅ​ប្រាសាទបុរាណ​មួយចំនួន​រួចមក លោក​សង្កេតឃើញ​មាន​កម្លាំង​ជាច្រើន​នៅតាម​ប្រាសាទ​នានា​។ លោក​បន្ដទៀតថា ការ​កើន​នៃ​កម្លាំង​ការពារ​នេះ​អាចជួយ​ដល់​ការថែរក្សា​ប្រាសាទបុរាណ និង ជួយ​ដល់ពេល​មាន​ភ្ញៀវទេសចរ​ជួប​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ផងដែរ​។​
​ប៉ុន្ដែ​លោក​រិះគន់ថា នៅតាម​ប្រាសាទ​មួយចំនួន មិនមាន​សណ្ដាប់ធ្នាប់​ល្អ​នោះទេ ដោយ​មន្ដ្រី​ស្ថាប័ន​នោះ​យក​ទីកន្លែង​ទីសក្ការៈ​បូជា​ធ្វើជា​អាជីវកម្ម​ផ្ទាល់ខ្លួន​។​លោក​បញ្ជាក់ថា ក្រុម​អ្នក​ដុត​ធូប​ទាន​ទាំងនោះ មិនមែន​ធ្វើឡើង​ដោយ​សទ្ធា​ជ្រះថ្លា ដល់​ភ្ញៀវទេសចរ​នោះទេ គឺ​បាន​បង្ខំ​ឲ្យ​ភ្ញៀវ ដាក់​លុយ​ចាប់​ពីមួយ​ដុល្លា​ឡើងទៅ ដែល​បង្ហាញ​ពី​វប្បធម៌​អាក្រក់​ដល់​ភ្ញៀវទេសចរ​អន្ដរជាតិ​។​
​ប្រធាន​មជ្ឍមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា ការកើតឡើង​នូវ​រូបភាព​ស្រី​អាសអាភាស ដែល​បាន​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​កន្លងមក ជាការ​ទ្វេ​ស​ប្រហែស​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​លោក​ថា លោក​គាំទ្រ​នឹង​ការបន្ថែម​កម្លាំង​នោះ ប៉ុន្ដែ​លោក​ថា ស្ថាប័ន​នេះ​ត្រូវដាក់​បំរាម​ហាមឃាត់​ពី​ការថតរូប នៅ​កន្លែង​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ និង​នៅ​តំបន់​ផ្សេងទៀត ដោយ​សរសេរ​អក្សរ​ធំៗ ដើម្បី​ពួកគេ​យល់ដឹង​ពី​វប្បធម៌​និង​អរិយធម៌​ខ្មែរ ដ៍​ល្អ​ផូរផង់​។​
​សូម​រំលឹក​ផងដែរ​ថា អាជ្ញាធរ​ជាតិ​អប្សរា បានធ្វើ​ការសហការ​ជាមួយ​ប៉ូលីស​បេតិកភណ្ឌ និង​នគរបាល​ទេសចរ ឃាត់ខ្លួន​ជនបរទេស​ចំនួន​៥​នាក់​ក្នុងនោះ​ជនជាតិ​បារាំង​៣​នាក់​និង​ស្ត្រី​ជា​ជនជាតិ​អាមេរិក​សកាំ​ង​ចំនួន​២​នាក់​បញ្ជូនទៅ​តុលាការ ខណៈដែល​ពួកគេ លួច​ថតរូប​អាក្រាតកាយ នៅ​តំបន់​ប្រាសាទបន្ទាយក្ដី និង​ប្រាសាទព្រះខ័ន​របស់​ខ្មែរ កាលពីពេល​កន្លងទៅ​។​ជនបរទេស​ទាំង​៥​នាក់​នោះ ត្រូវបាន​តុលាការ​ខេត្តសៀមរាប ដាក់​ព័ន្ធ​នាគារ​ក្នុង​ម្នាក់ៗ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល និង​ហាម​មិន​ឲ្យ​ស្នាក់នៅ​ប្រទេស​កម្ពុជា​រយៈពេល​៤​ឆ្នាំ​ផងដែរ ដោយ​ចោទ​ពីបទ​ជួញដូរ​រូបភាព​អាសអាភាស នៃ​ច្បាប់​ស្ដីពី​ការជួញដូរ​ផ្លូវភេទ និង​ធ្វើ​អា​ជីក​ម្ម​ផ្លូវភេទ​៕