​អភិបាលខេត្ត ប្រ​ត្តិ​កម្ម​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន ថា ធ្វើ​ឲ្យ​មាន​បទល្មើស​កើនឡើង​

0

​ខេត្តសៀមរាប​៖ ថ្លែង​កិច្ចប្រជុំ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែមិថុនា កន្លងទៅ​ថ្មីៗ​នេះ​លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិបាលខេត្ត​សៀមរាប​បាន​មានប្រសាសន៍​រិះគន់ មន្ត្រី​អនុវត្ត​ច្បាប់​មួយចំនួន ថា​បាន​បណ្តែត បណ្តោយ​ឲ្យ​មាន​បទល្មើស​គ្រប់​ប្រភេទ​ដូចជា​៖​បទល្មើស​នេសាទ​,​ព្រៃឈើ​,​គ្រឿងញៀន​,​ចោរកម្ម​,​អសន្តិសុខ​សណ្តាប់ធ្នាប់​,​ចរាចរណ៍ នៅតែ​បន្ត​កើតមាន​យ៉ាងច្រើន​នៅលើ​ទឹកដី​សៀមរាប ហើយ​លោក​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​អនុវត្ត​លើ​ការងារ​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​បន្ថែមទៀត​។​
​ ​ថ្លែង​ចំពោះមុខ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ស្ថាប័ន​តុលាការ​លោក ឃឹម ប៊ុន​សុង​បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ផ្ទាល់​របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុនសែន បាន​ប្រឹងប្រែង​យកចិត្តទុកដាក់​នឹង​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ ក្នុងនោះ​បង្ហាញ​ប្រព័ន្ធយុត្តិធម៌​ក៏ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​អនុវត្ត​ឲ្យ​កាន់តែ​ស៊ី​ជំរៅ​ថែមទៀត​។​លោក ឃឹម ប៊ុន​សុង​បន្តថា នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​នៅមាន​បទល្មើស​2និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត ដែល​ចេះតែ​បន្ត​កើតមាន​ដូចជាៈ​បទល្មើស​នេសាទ​,​ព្រៃឈើ​,​គ្រឿងញៀន​,​ចោរកម្ម​,​អសន្តិសុខ​សណ្តាប់ធ្នាប់​,​ចរាចរណ៍ ជាដើម​។​លោក​គួរ​បញ្ជាក់ទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ទាមទារ​ឲ្យ​មន្ត្រី​ជំនាញ​ទទួលខុសត្រូវ​និង​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​បន្ថែមទៀត ។​លោក​គូស​បញ្ជាក់ទៀតថា <<​ទន្ទឹមនឹង​កិច្ចប្រឹងប្រែង​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ជាច្រើន​ក៏​គេ​នៅ​សង្កេតឃើញថា មាន​សកម្មភាព​បទល្មើស​នេសាទ​នៅ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដែល​សមត្ថកិច្ច​ជំនាញ​ហាក់​មិនទាន់​សកម្ម​នៅឡើយ ក្នុងការ​អនុវត្ត​តួរ​នាទី​ឬ​អាច​មានការ​ត្រូវរ៉ូវ​គ្នា​និង​ឆ្លៀតឱកាស​ទាញយក​ផលប្រយោជន៍​ផ្ទាល់ខ្លួន​>>​។​មិន​ត្រឹមតែ​លោក​ដាស់តឿន​មន្ត្រីជលផល​ប៉ុណ្ណោះ​ទេ សូម្បីតែ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ក៏​លោក​ថា ហាក់​មិនសូវមាន​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព​នៅឡើយ​ទេ​។​​ ​ជា​កិច្ចបញ្ចប់ លោក ឃឹម ប៊ុន​សុង បាន​ជំ​នុ​ញ​ឲ្យ​ស្ថាប័ន​តុលាការ ជលផល រដ្ឋបាល​ព្រៃឈើ បរិស្ថាន នគរបាល និង​អាវុធហត្ថ ដែលជា​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​បន្ថែមទៀត​។​ការលើកឡើង​ក្នុង​កិច្ចប្រជុំ​យ៉ាង​ដូច្នេះ របស់លោក អភិបាលខេត្ត គឺ​បន្ទាប់ពី​មាន​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ​ពី​ភាពមិនប្រក្រតី​និង​ការព្រងើយកន្តើយ​របស់​ជំនាញ​ជលផល​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដែល​ធ្វើ​ឲ្យ​បទល្មើស​ចេះតែ​កើនឡើង​ឥតឈប់ឈរ​ក្នុង​ខេត្តសៀមរាប​។​​យ៉ាងនេះ​ក្តី​លោក ឃឹម ប៊ុន​សុង គ្រាន់តែ​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់លោក​ប្រឹងប្រែង​ធ្វើការ​បន្ថែមទៀត ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ពី​ទោស​ទន្ត​របស់​មន្ត្រីរាជកា​រណា​មួយ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​នោះឡើយ​៕​1