ផ្លូវលំ​បដិភាគ​មួយ​ខ្សែ​ក្នុងភូមិ​អណ្តូង​ជ្រៃ រង​ការបំផ្លាញ​ដោយ​អ្នក​ជីកដី​លក់​អាជ្ញាធរ​មិនទាន់​ចាត់ការ​

0

​កំពង់ឆ្នាំង​៖​ ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ប្រមាណ​២០០​ម៉ែត្រ ដែល​កសាងឡើង​ដោយ​ប្រាក់​បដិភាគ​របស់​ឃុំ ត្រូវបាន​ទឹកភ្លៀង​ហូរ​ច្រោះ​អស់​មួយចំនួន និង​អាច​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង​នៅពេល​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​ក្នុងពេល​ខាងមុខនេះ ដោយសា​តែ​ម្ចាស់​ដី និង​ជា​ម្ចាស់​គ្រឿងចក្រ​ម្នាក់ បាន​ជីក​កកាយ​យ៉ាងជ្រៅ យក​ដី​លក់​ជាប់​នឹង​ផ្លូវលំ​ខាងលើ ទោះបី​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឃុំ​អោយជួយ​ទប់ស្កាត់ តែ​មិន​ត្រូវបាន​អាជ្ញាធរ​មូលដ្ឋាន​មាន​ចាត់ការ​ឡើយ​។​ផ្លូវលំ​ខាងលើនេះ​ស្ថិតនៅ​ចំណុច​ខ្ទម​លោកតា​ស្អាង ភូមិ​អន្លុង​ជ្រៃ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​ ​នៅ​ល្ងាច​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋនៅក្នុង​ភូមិ​អណ្តូង​ជ្រៃ​បាន​នាំ​ក្រុម​អ្នកសារព័ត៌មាន​យើង​ទៅ​ចង្អុលបង្ហាញ​នៅ​ចំណុច​ខាងលើ និង​បាន​និយាយ​អោយដឹងថា​៖​ផ្លូវលំ​មួយ​ខ្សែ​នេះ​ជា​ផ្លូវ​ចាស់​តាំងពី​សង្គម សំរាប់​ដូនជី​តាជី​DSC06985ដើរទៅ​កាន់​វត្តភ្នំ​តា​នា​ន់​ធ្វើ​បុណ្យទាន​។ ត្រូវបាន​អាជ្ញាធរ​ឃុំ​កសាង​ដោយ​ប្រាក់​បដិភាគ​ឃុំ ប្រមាណ​៤​ឆ្នាំ​មកហើយ រីឯ​ម្ចាស់​ដី​និង​ជា​ម្ចាស់​គ្រឿងចក្រ​ដែល​បាន​បំផ្លិចបំផ្លាញ​ផ្លូវលំ​ខាងលើនេះ​មានឈ្មោះ ធៀប រស់នៅ​ក្នុងភូមិ​អណ្តូង​ជ្រៃ នេះដែរ​។​កន្លងមក​ថ្មីៗ​នេះ គេ​បាន​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ដែល​ជាប់​និង​ដី​ចំណីផ្លូវ​ខាងលើនេះ ហើយ​បាន​យក​គ្រឿងចក្រ​មក​ជីក​កកាយ​យក​អាចម៍ដី​ដឹក​លក់ ដោយបាន​ជីក​យក​ទាំង​ដី​ចំណី​ផ្លូវលំ​នេះ​ទាំងសងខាង ដែលមាន​ជម្រៅ​ពី​៣​ម​ទៅ​៥​ម ដោយបាន​ធ្វើអោយ​ផ្លូវ​កន្លែង​ខ្លះ ត្រូវ​ទឹកភ្លៀង​ហូរ​ច្រោះ​ខូច​ជា​បណ្តើរៗ​ទៅហើយ​។​ប្រជាពលរដ្ឋ​យល់ថា​បើ​មាន​ភ្លៀង​ធ្លាក់​ជោគជាំ​មក​នោះ ផ្លូវ​នោះ​ពិតជា​ត្រូវ​រង​ការខូចខាត​ទាំងស្រុង​មិនខានឡើយ​។ ទន្ទឹម​នោះដែរ​ក៍មាន​ការប៉ះពាល់​ជាមួយ​ព្រំដី​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀតផង​ដែរ ដោយ​គេ​បាន​ជីក​កកាយ​ដី​យ៉ាងជ្រៅ​ជាប់​ព្រំប្រទល់​ជាមួយគ្នា​តែម្តង​។​​ ​ប្រជាពលរដ្ឋ​បាន​អោយដឹងទៀតថា​៖​ថ្មីៗ​នេះ ពួកគាត់​ក៍​ធ្លាប់បាន​រាយការណ៍​ទៅ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដើម្បី​អោយជួយ​ទប់ស្កាត់​ករណី​ខាងលើនេះ ប៉ុន្តែ​មិនបាន​អ្នកណា​ឈឺឆ្អាល និង​ទប់ស្កាត់​អោយ​ឡើយ​។​ពួកគាត់​គិតថា បើសិនជា​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នៅតែ​បណ្តែតបណ្តោយ​គ្មាន​វិធានការណ៍​ទប់ស្កាត់​ទេនោះ ផ្លូវលំ​មួយ​ខ្សែ​នេះ​ពិតជា​រលាយ​ខូច​ក្លាយទៅជា​អូរ​ជាមិនខាន​។​​ ​ប្រជាពលរដ្ឋ​សំណូមពរ​ដល់​មន្ទីរ​សាធារណៈការ​ខេត្ត មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត លោក​អភិបាលស្រុក​រលាប្អៀរ និង​លោក​អភិបាលខេត្ត មេត្តាជួយ​បញ្ជូន​ក្រុមការងារ​ចុះមក​ត្រួតពិនិត្យ និង​ចាត់​វិធានការណ៍​ជាបន្ទាន់ និង​អោយបាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​បាន​បំផ្លាញ​ផ្លូវលំ​ខាងលើនេះ ដែលជា​សម្បត្តិ​សាធារណៈ ដើម្បី​បំរើ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ផង ព្រោះ​ពួកគាត់​មាន​ក្តីកង្វល់​ខ្លាំងណាស់​។​DSC06996
​ ​លោក សុខ យ៉ាន មេឃុំ​អណ្តូង​ស្នាយ នៅ​ល្ងាច​ដែរ​បានអោយដឹងថា​៖ ការជីក​កាយ​យក​អាចម៍ដី​នេះ​ប៉ះពាល់​ដល់​ដី​ចំណីផ្លូវ​លំ​ដី ស​នេះ គឺ​លោក​បានដឹង​និង​បានធ្វើការ​ឃាត់ឃាំង​ដែរ​តែ​គេ​មិន​ស្តាប់​។​រឿងនេះ លោក​មិនមាន​វិធានការណ៍​អ្វី​ទេ ព្រោះតែ​គេ​បាន​ជីក​រួចទៅហើយ​។​ចំណែក​ការជីក​កកាយ​ប៉ះចំ​ព្រំដី​ប្រជាពលរដ្ឋ​មួយចំនួនទៀត​នោះ លោក​ក៍​មិនដឹង​ជា​ធ្វើ​យ៉ាងម៉េច​ដែរ​។​​ ​លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ​បាន​ប្រាប់​អោយដឹងថា​៖​ករណីនេះ លោក​មិន​បានដឹង​ទេ ប៉ុន្មាន​ថ្ងៃនេះ​លោក​រវល់​ណាស់ ប៉ុន្តែ​លោក​នឹង​ចុះទៅ​មើល​ដោយផ្ទាល់ ថា​តើ​មាន​ផលប៉ះពាល់​ប៉ុណ្ណា និង​ត្រូវមាន​វិធានការណ៍​បែបណា​ទៀត លោក​នឹង​ប្រាប់អោយដឹង​នៅពេល​ក្រោយ​។​​ ​នៅក្នុង​ច្បាប់​ស្តីពី​ផលប៉ះពាល់​ដី​ចំណី​ផ្លូវថ្នល់ នៅក្នុង​មាត្រា​ទី​៧០​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ចែងថា​៖ ជន​ណា​ធ្វើអោយប៉ះពាល់​ខូចខាត​ដល់​ផ្លូវថ្នល់ តម្រូវអោយធ្វើ​ការជួស​ជុល​សង​ឡើងវិញ​អោយ​ដូច​ស្ថានភាព​ដើម និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​ទី​៤១៩​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ័​៕