​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​លើ​សេ​ក្តី​ទុកចិត្ត​

0

​ខេត្តកណ្តាល​៖ សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​បុរស​ម្នា​ក់នៅ​ចំណុច​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ពីបទ​រំលោភ​លើ​សេ​ក្តី​ទុកចិត្ត ។​ ​ ​មន្ត្រីនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ អូន សុធា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាជាង​លាបថ្នាំ​ផ្ទះ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុងភូមិ​ព្រែ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ។​

កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៤ ជនសង្ស័យ​បាន​ខ្ចី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BB-៣៩៦០​របស់​ជនរងគ្រោះ​ឈ្មោះ ម៉ាន់ សៅ​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ជិតគ្នា​ដោយបាន​ប្រាប់ថា​យក​ឲ្យ​ប្រពន្ធ​ជិះ ដើម្បី​យកលុយ​ទៅ​បង់ថ្លៃ​ផ្ទះជួល និង​ទិញ​ផ្លែ​ស្វាន តែ​តាម​ការពិត​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​ដាក់បញ្ចាំ ។ បន្ទាប់មក​ជនសង្ស័យ​បានគេច​ខ្លួន​មិន​ចូលទៅ​បន្ទប់​ស្នាក់នៅ ហើយ​ថែមទាំង​បាន​បិត​ទូរស័ព្ទ​ថែមទៀត ។​

​ ​ក្រោយមក​ជនរងគ្រោះ​ក៍​បានដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​នគរបាល​ជួយ​អន្តរាគមន៍ រហូតដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៤ ជនរងគ្រោះ​បាន​ប្រទះឃើញ​ជនសង្ស័យ​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ឆក់​ឈើ​នាង ក៍​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​នគរបាល​ឲ្យ​ជួយ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ចាត់ការ​តាមច្បាប់ ។​ ​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ស្រុក​អង្គស្នួល​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់ ៕ New Picture (7)