​ប្រជាពលរដ្ឋ​ស្រុក​ស្អាង​នាំគ្នា​តវ៉ា​ករណី​ជីក​កាយ​រក​វត្ថុ​បុរាណ​ក្នុង​វត្ត​ប្រាសាទ​ប្រាសាទអណ្តែត​

0

ខេត្តកណ្តាល ​ពុ​ទ្ឋ​បរិស័ទ​ចំណុះជើងវត្ត​ប្រាសាទអណ្តែត ស្ថិតក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល បាននាំគ្នា​តវ៉ា​ករណី​លោក​ម៉េ​ប៉ុ​ស្ត៏ និង​ព្រះចៅអធិការ​វត្ត អនុ​ញ្ញា​ត្តិ​ឲ្យ​ជនសង្ស័យ​ជីក​កាយ​រក​ព្រះ​ពុ​ទ្ឋ​បដិមា​សម័យបុរាណ ដោយ​មិនបាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​ចំណុះជើងវត្ត បានដឹង​ជាមុន​។​ ​ការតវ៉ា​ធ្វើឡើង​បន្ទាប់ពី​ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់ កាលពី​អា​ធ្រា​ត​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៤​នេះ បាននាំគ្នា​ជីក​កកាយ​ស្វែងរក​រូបសំណាក់​ព្រះ​ពុ​ទ្ឋ​រូប ដែល​បាន​កប់​ទុក​តាំងពី​សម័យបុរាណ ប៉ុន្តែ​ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ ចាប់​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់​។

ជនសង្ស័យ​ទាំងពីរ​នាក់​ម្នាក់​ឈ្មោះ ទួន អ៊ាង​ថៃ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ទី​២​ឈ្មោះ ឆ​យ ហុក ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ អ្នក​ទាំងពីរ​នាក់​នេះ​រស់នៅ​ភូមិ​លេខ​២​ឃុំ​ប្រាសាទ ស្រុក​ស្អាង​ខេត្តកណ្តាល​។ ​ក្រុម​ប្រជាពលរដ្ឋ​នាំគ្នា​ស្រែកថា ពិតជា​មានការ​ឃុបឃិត​គ្នា​រវាង​ចៅអធិការ​វត្ត​ព្រះនាម សុខ​ហេង និង​មេ​ប៉ុ​ស្ត៏​ឈ្មោះ មិត្ត ពូន នោះ​មែន ហើយ​បំណង​យកទៅលក់​ធ្វើ​អាជីវកម្ម​ទៀត ព្រោះ​ការជីក​រក​កំណប់​ជាវ​ត្ថុ​បុរាណ ធ្វើឡើង​ដោយមាន​ការលាក់លៀម​ពី​ភ្នែក​ច្រមុះ​ពួកគាត់ ហើយ​ធ្វើឡើង​នៅពេល​យប់​សា្ង​ត់​ទៀត​ផល ចាប់តាំងពី​ម៉ោង​៨​យប់​រហូតដល់​ម៉ោង​១​រំលង​អា​ធ្រា​ត ទើប​កម្លាំងចម្រុះ​ចាប់បាន​។

​លោក មិត្ត ពូន នាយ​ប៉ុ​ស្ត៏​ឃុំ​ប្រាសាទ​បាន​ច្រានចោល​ករណី​ខាងលើនេះ ដោយ​មិន​ទទួលយក​ការចោទប្រកាន់​របស់​ព​ល​រដ្ឋ​នោះទេ​។ ចំណែក​ព្រះ​តេជគុណ សុខ ហេង ព្រះចៅអធិការ​វត្ត​ប្រាសាទអណ្តែត​បាន​មាន​សង្ឃដីកា​រថា ព្រះ​តេជគុណ​ពិតជា​បានអនុញ្ញាត អោយ​ជីក​រក​ព្រះ​ពុ​ទ្ឋ​រូប​សម័យបុរាណ​នោះ​មែន ព្រោះ​ការ​អនុ​ញ្ញា​ត្តិ​ឲ្យ​ជីក​នោះ គឺ​ធ្វើតាម​ការស្នើសុំ​ម្ចាស់​ដើម​របស់គេ​ដែល​បាន​កប់​ទុក​តាំងពី​គាត់​អាយុ​២១​ឆ្នាំ ព្រោះ​សម័យ​នោះ​ប្រទេសជាតិ​ជូ​ប​សង្គ្រាម​ខ្លាច​ត្រូវ​បាត់បង់​។

​រីឯ​លោកតា ប៊ូ ជួប ដែលជា​ម្ចាស់​កំណប់​បាន​និយាយថា ដោយសារ​បច្ចុប្បន្ន​លោក​មាន អាយុ​៨២​ឆ្នាំ​ទៅហើយ​ខ្លាច​ស្លាប់ទៅ​ក្មេងជំនាន់ក្រោយ​មិនដឹង ក៏បាន​សុំ​អនុញ្ញាត​ព្រះ​តេជគុណ ហើយ​បាន​ជួល​គេ​គាស់​យកមក​ទុក​គោរពបូជា តែ​មិនទាន់បាន​រកឃើញ​ផង ក៏ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន​អ្នក​ជីក​ទាំងពីរ​បញ្ជូនទៅ​តុលាការ កាត់ទោស​តាមផ្លូវ​ច្បាប់​តែម្តង​៕ ​1 (1) 4 5