សំណុំរឿង​បាញ់ រះ​”​ជនសង្ស័យ​៦​នាក់​ជាប់ពន្ធនាគារ​ពីបទ​កាប់​រាន​ព្រៃឈើ​ និង​ឈ្មោះ​ចាន់​លឿង​ត្រូវ​នគរបាល​នាំខ្លួន​ទៅកាន់​តុលាការ​ថ្ងៃនេះ​”

0


​ព្រះវិហារ​ដើមចម​នៃ​អំពើ​ឃាតកម្ម​បាញ់រះ​ស្លាប់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​,​នគរបាល​ស្រុក​ឆែប​ម្នាក់​និង​នគរបាល​ព្រំដែន​គោក​លេខ​១០៥​នៅ​អូរ​ជុ​ញ​ម្នាក់ទៀត​រងរបួស​ធ្ងន់​កាលពី​វេលា​ម៉ោង​២​យប់​ឈានចូល​ថ្ងៃទី​០៧​វិច្ឆិការ​២០១៥​នៅ​ស្រុក​ជាំ​ក្សាន្ត​គឺ​មកដល់ពេលនេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រើ​ធម៌​ក្ដៅ​បញ្ជូន​បុរស​ជា​ជនសង្ស័យ​ជាប់ចោទ​កាប់​រាន​បំផ្លាញ​ព្រៃឈើរ​ខុសច្បាប់​រួមទាំង​វត្ថុតាង​រណា​យន្ត​៥​គ្រឿង​ទៅកាន់​តុលាការខេត្ត​។​ជនសង្ស័យ​ទាំង​៦​នាក់​ត្រូវបាន​លោក​ចៅក្រម​ស៊ើបសួរ​សំរេច​ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​
​ ​លោក​ហេង​ហួន​ប្រធាន​ពន្ធនាគារ​ខេត្តព្រះវិហារ​បានអោយ​អ្នកសារព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​រថា​ពិតជា​មានការ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​ដាក់ពន្ធនាគារ​ខេត្ត​ប្រាកដ​មែន​កាលពី​ថ្ងៃទី​១១​វិច្ឆិការ​២០១៥​។​ពួកគេ​ជា​ជន​ស៊ីវិល​ទាំងអស់​មិនឃើញ​មាន​ទាហាន​ណា​ម្នាក់​នោះទេ​។​ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ជាប់ចោទ​ក្នុង​សំណុំរឿង​កាប់​រាន​បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់​បង្ក្រាប​ដោយ​ក្រុម​សមត្ថកិច្ច​ល្បាត​។​លោក​ថ្លែងថា​មកដល់​នេះ​ខាង​ពន្ធនាគារ​ទើបតែ​ទទួល​ជនសង្ស័យ​បាន​ចំនួន​៦​នាក់​ប៉ុណ្ណោះ​ហើយ​ពួកគេ​មិនមែន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នោះទេ​។​
​ ​តាម​ប្រភពព័ត៌មាន​បានអោយដឹង​ថា​កាលពី​ថ្ងៃទី​១១​វិច្ឆិការ​២០១៥​ថ្មីៗ​នេះ​នគរបាល​បាន​ឃាត់ខ្លួន​បុរស​ជនសង្ស័យ​បាន​ចំនួន​៣​នាក់​បន្ថែមទៀត​នាំខ្លួន​មក​ស៊ើប​សួរចំលើយ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដែល​នគរ​បាល​ជំនាញ​មានការ​សង្ស័យ​ខ្លាំង​បំផុត​ទៅនឹង​សកម្មភាព​បាញ់រះ​យ៉ាង​ចាស់ដៃ​បណ្តាលអោយ​ស្លាប់​មន្ដ្រី​សមត្ថកិច្ច​២​នាក់​នៅនឹងកន្លែង​កើតហេតុ​។​
​បុរស​ជា​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​៣​នាក់​ត្រូវគេ​ស្គាល់​ឈ្មោះថា​ចាន់​លឿង​ហៅ​ទ្បឹ​ង​ជា​ទាហាន​ក្នុង​កងពលតូច​អន្តរា​គម​ន៏​លេខ​៩​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​អូរ​ជុ​ញ​ហើយ​គាត់​ក៍​ជា​អ្នក​កាប់​ឈើ​ច្រើន​ឆ្នាំ​មកហើយ​ក្នុងព្រៃ​ការពារ​និង​អភិរក្ស​គ្រប់គ្រង​ដោយ​អង្គការ​អន្តរជាតិ​WCS​។​សេចក្ដីរាយការណ៍​មិនបាន​ប្រាប់​ឈ្មោះ​បុរស​ជា​ជនសង្ស័យ​២​នាក់​ផ្សេងទៀត​នោះទេ​។​ពាក់ព័ន្ធ​ការឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ​នគរបាល​ជំនាញ​មិន​ផ្តល់ព័ត៌មាន​អ្វី​បន្ដិច​សោះ​ដល់​អ្នកកាសែត​កម្ពុជា​ថ្មី​ប្រចាំខេត្ត​ព្រះវិហារ​ខ​ណះ​គាត់​លើក​ទទួល​ទូរស័ព្ទ​ហើយ​ចុច​បិទ​ទៅវិញ​។​
​ ​លោក​លី​លន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រះវិហារ​បាន​មានប្រសាសន៍​អោយដឹងថា​នៅ​ថ្ងៃទី​១៣​វិច្ឆិការ​នេះ​សមត្ថកិច្ច​នគ​បាល​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ចាន់​លឿង​អាយុ​ជាង​៥០​ឆ្នាំ​មកកាន់​សាលាដំបូង​ខេត្ត​។​លោក​ព្រះរាជអាជ្ញា​បន្តថា​ជនសង្ស័យ​ម្នាក់នេះ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ចាស់​តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ​នៅពេលនោះ​គាត់​មាន​អាយុ​ជាង​៣០​ឆ្នាំ​ប៉ុណ្ណោះ​។​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ថ្លែងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ចាន់​លឿង​នេះ​មិនទាន់​ដឹងថា​មាន​ការជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់រះ​នៅ​ទ្បើ​យ​ទេ​។​
​គួររំលឹកថា​លទ្ធផល​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​ខ្មាន់កាំភ្លើង​បាញ់រះ​ដោយ​អាវុធ​AK៤៧​សម្លាប់​ជនរងគ្រោះ​ជាម​ន្ដ្រី​សមត្ថកិច្ច​ចំនួន​២​នាក់​ហើយ​សមត្ថកិច្ច​ម្នាក់ទៀត​រងរបួស​ធ្ងន់​ស្ថិតនៅ​ភូមិ​របុញ​ឃុំ​មរកត​ស្រុក​ជាំ​ក្សាន្ត​នោះ​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ឃាត់ខ្លួន​មនុស្ស​៦​នាក់​ជា​ម្ចាស់​វត្ថុតាង​រណា​យន្ត​ដើម្បី​ស៊ើបសួរ​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ឃាត​កម្មដ៍​សាហាវ​នោះ​។​
​កាលពី​ថ្ងៃទី​០៩​វិច្ឆិការ​កំលាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជូន​ម្ចាស់​វត្ថុតាង​រណា​យន្ត​ពាក់ព័ន្ធ​ចំនួន​៥​នាក់​រួមទាំង​រណា​យន្ត​ដែល​ក្រុមការងារ​ល្បាត​ទទួលរង​គ្រោះ​ក្នុងករណី​បាញ់រះ​ដែល​ចាប់​បង្ក្រាបបាន​កាលពី​ថ្ងៃ​ទី​០៦​វិច្ឆិកា​២០១៥​ទៅអោយ​ជំនាញ​មេព្រៃ​ខេត្ត​បន្ត​និតិ​វិធី​ស៊ើបសួរ​។​នេះ​ជា​ពន្លឺ​ក្នុងការ​ស៊ើបអង្កេត​ឈានទៅ​ចាប់​ជនដៃដល់​ជា​ខ្មាន់កាំភ្លើង​បាញ់រះ​សម្លាប់​មនុស្ស​រីឯ​ម្នាក់ទៀត​ក្នុងចំណោម​៦​នាក់​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ក្នុង​ស្នងការដ្ឋាន​សិន​ព្រោះ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​បក្ខពួក​ជនដៃដល់​។​
​សមត្ថកិច្ច​បានអោយដឹង​ថា​បុរស​ជា​ម្ចាស់​រណា​យន្ត​ទាំង​៥​នាក់​រួមមាន​ទី​១​ឈ្មោះ​មួន​ជួន​អាយុ​២៧​ឆ្នាំ​ទី​២​ឈ្មោះ​ណុប​ប្រុស​អាយុ​២៩​ឆ្នាំ​ទី​៣​ឈ្មោះ​រី​យេ​ស​អាយុ​៥១​ឆ្នាំ​ទី​៤​ឈ្មោះ​ស៊ុន​រិ​ន​អាយុ​៤៤​ឆ្នាំ​និង​ទី​៥​ឈ្មោះ​សុខ​ជា​អាយុ​អាយុ​២១​ឆ្នាំ​គឺ​ជន​ទាំង​៥​នាក់​នេះ​ត្រូវ​ជំនាញ​មេព្រៃ​ស៊ើបសួរ​ចម្លើយ​ដាច់​ដោយ​ទ្បែ​ក​ពីគ្នា​។​រីឯ​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ក្នុង​ស្នងការដ្ឋាន​នគរបាល​ឈ្មោះ​សុខ​ប៊ុន​រឿន​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​អតីត​ទាហាន​ខ្មែរក្រហម​។​ជនសង្ស័យ​ទាំង​៦​នាក់​នេះហើយ​ដែល​ត្រូវ​សមត្ថកិច្ច​នាំទៅ​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១១​វិច្ឆិការ​២០១៥​តាម​ដីកា​សំរេច​របស់​តុលា​ការដែល​រំលង​បាន​២​ថ្ងៃ​បន្ទាប់ពី​ស៊ើបសួរ​ចម្លើយ​រួច​។​
​ជនរងគ្រោះ​ជា​សមត្ថកិច្ច​ដែល​បាន​ស្លាប់បាត់​បង់ជីវិត​យ៉ាង​វេទនា​ក្នុង​បេសកកម្ម​ដើរល្បាត​ជា​ក្រុម​ដើម្បី​ការពារ​ព្រៃឈើ​រដ្ឋ​ហាមឃាត់​ត្រូវ​ខ្មាន់កាំភ្លើង​ទុច្ចរិត​បាញ់រះ​នៅពេល​យប់​ងងឹត​ដោយ​កាំភ្លើង​អាការ​មាន​ទី​១​ឈ្មោះ​សៀង​ណា​រ៉ុង​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​បំរើកា​រងារ​ក្នុង​អង្គការ​WCS​មាន​ទីលំនៅ​ឯ​រាជធានី​ភ្នំពេញ​និង​ទី​២​ឈ្មោះ​សាប់​យស់​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មន្ដ្រីនគរបាល​ស្រុក​ឆែប​។​
​រីឯ​ម្នាក់ទៀត​ជា​មន្ដ្រីនគរបាល​វរ​ព្រំដែន​គោក​លេខ​១០៥​រងរបួស​ចំ​កំប៉េសគូទ​ចំនួន​១​គ្រាប់​និង​ទាហាន​ម្នាក់ទៀត​ខំ​រត់គេចខ្លួន​ដើម្បី​សុវត្ថិភាព​។​ប្រភពព័ត៌មាន​ដកស្រង់​ខ្លះៗ​ពី​សមត្ថកិច្ច​បានអោយ​ដឹងថា​ខ្មាន់កាំភ្លើង​លប​ចូលទៅ​បាញ់រះ​ជាច្រើន​គ្រាប់​ចម្ងាយ​ត្រឹមតែ​២​ម៉ែត្រ​ប៉ុណ្ណោះ​ពី​អង្រឹង​ដែល​ជនរងគ្រោះ​កំពុង​ដេក​លង់លក់​ហើយ​បាន​យក​កាំភ្លើង​អាការ​ស្វាយ​បត់​១​ដើម​របស់​ក្រុម​ល្បាត​ទៅជា​មួយ​ថែមទៀត​។​
​តាមរយះ​ការស្រាវជ្រាវ​និង​ស៊ើបអង្កេត​យ៉ាង​ស្វិតស្វាញ​របស់​សមត្ថកិច្ច​នគរបាល​ជំនាញ​គ្រប់​ជាន់ថ្នាក់​ក្នុង​សំណុំរឿង​ឧក្រិដ្ឋ​ដោយ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់រះ​ស្លាប់​សមត្ថកិច្ច​២​នាក់​និង​របួសធ្ងន់​ម្នាក់​អស់​រយះពេល​៧​ថ្ងៃ​មកនេះ​ជា​លទ្ធផល​នៅ​ស្រពិចស្រពិល​គឺ​នគរបាល​ជំនាញ​មិនទាន់​កំណត់​មុខសញ្ញា​ច្បាស់​ដើម្បី​ឈានទៅ​ចាប់ខ្លួន​ជនដៃដល់​ជា​ឃាតក​ឃោរឃៅ​មក​ផ្តន្ទាទោស​បាន​នៅ​ទ្បើ​យ​ទេ​៕L2 L1 L3