​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​សិន​ទ្រី​តៃកុង​ងងុយដេក​បើក​បុក​បង្គោល​ភ្លើង​១​ដើម​បាក់​សង្កាត់​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត​

0

​ភ្នំពេញ ៖ បង្គោល​ភ្លើង​មួយ​ដើម​បាន​បាក់​សង្កាត់​ប៉ះចំ​រថយន្ត​២​គ្រឿង​ចត​ស្ងៀម​រង​ការខូចខាត ខណៈដែល​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​បុក​ចំ​ពេញទំហឹង ដោយសារតែ​តៃកុង​រថយន្ត​ងងុយដេក ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា​។​ ​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​ដឹក​សំរាម​មួយគ្រឿង​របស់​ក្រុមហ៊ុន​សិន​ទ្រី បើក​ប្រមូល​សំរាម​ដូច​សព្វដង តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ត្រង់ចំណុច​មុខ​ហាង​លក់​ម៉ូតូ​យីហោ ហ៊ុយ សា​ខន ស្រាប់តែ​រថយន្ត​ក៏​រេ​ចង្កូត​ទៅខាង​ស្ដាំ ហើយក៏​បុក​ចំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ មួយ​ដើម​បណ្ដាលអោយ​បាក់​សង្កាត់​ប៉ះចំ​រថយន្ត​២​គ្រឿង មួយគ្រឿង​ម៉ាក​កាមរី និង​មួយគ្រឿង​ម៉ាក​លុច​ស៊ី​ស ៤៧០ ដែល​ចត​ស្ងៀម​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាលអោយ​រង​ការខូចខាត ចំណែក​តៃកុង​រថយន្ត​បន្ទាប់ពី​បង្កហេតុ​រួច​ក៏​រត់​គេចខ្លួនបាត់​។

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ចុះមក​ត្រួតពិនិត្យ​និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​ ​

គួរ​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​បេតុង​បុរី​សូ​នី ស្ថិតក្នុង​ភូមិ​ឫស្ស សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ក៏មាន​ករណី​ស្រដៀង​នេះ​ផងដែរ​បង្កឡើង​ដោយ រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​សិន​ទ្រី បាន​បើក​បុក​របង​ថ្ម​ដីឡូត៍​មួយកន្លែង​បណ្ដាលអោយ​បាក់​រង​ការខូចខាត ដោយសារតែ​តៃកុង​រថយន្ត​ងងុយដេក ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​ដឹក​សំរាម​មួយគ្រឿង​របស់​ក្រុមហ៊ុន​សិន​ទ្រី ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់ តាម​បណ្ដោយ​ផ្លូវ​បេតុង​បុរី​សូ​នី ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏​រេ​ចង្កូត​ទៅខាង​ឆ្វេង ហើយក៏​បុក​ចំ​របង​ថ្ម​ដីឡូត៍​មួយកន្លែង​បណ្ដាលអោយ​ធ្លាយ​ចូល​ក្បាល​រថយន្ត​គាល់​និង​របង ទៅមុខ​លែងរួច ចំណែក​របង​ថ្ម​បាន​បាក់​មួយ​ប្រឡោះ​ធំ​រង​ការខូចខាត សំណាង​ដែល​មិន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ដ៏​ទៃ​។

បន្ទាប់ពី​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់ នៅសល់តែ​បុរស​ម្នាក់​នៅចាំ​រថយន្ត​។ បើតាម​សំដី​របស់​បុរស​ដែល​នៅចាំ​រថយន្ត​បានអោយដឹងថា​មូល​ហេតុដែល​បណ្ដាលអោយ​រថយន្តបុក​របង​ថ្ម​បែបនេះ​គឺ​ដោយសារ​តៃកុង​រថយន្ត​ងងុយដេក ហើយ​ងោក​មួយភាំង ក៏​បុក​របង​ថ្ម​តែម្ដង​។​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​ដីឡូត៍​បាន​ទំនាក់ទំនង​ទៅ​ដំណាង​ក្រុមហ៊ុន​អោយ​ចុះមក​មើល​និង​ធ្វើ​ការសង​សំណង​របង​ថ្ម​ដល់​ម្ចាស់​ដីឡូត៍​ដើម្បី​បញ្ចប់រឿង​៕02 03 01