បុគ្គលិក​ស្ថានីយ​ប្រេង​កាល់​តិច​បន្តធ្វើ​កូដកម្ម​

0

​រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ស្ថានីយ​ប្រេង​កាល់​តិច​គ្រប់​ស្ថានីយ​ទូទាំង​រាជធានី​បន្តធ្វើ​កូដកម្ម នៅវេលា​ព្រឹក​ថ្ងៃទី​១៣ ឧសភា ខណៈ​ពុំទាន់​មាន​ដំណោះស្រាយ ។ នៅ​ព្រឹក​នេះដែរ គេ​សង្កេតឃើញ​គ្រប់​ស្ថានីយ​ប្រេង​កាល់​តិច​មាន​ចងខ្សែ​ហ៊ុំព័ទ្ធ ដោយ​មិន​អនុញ្ញាតឱ្យ​ក្រុម​បុគ្គលិក​ជួបជុំគ្នា​ក្នុង​ស្ថានីយ​នោះទេ ។​ ​តំណាង​បុគ្គលិក​ម្នាក់​ឱ្យដឹងថា​៖ បន្ទាប់ពី​ពួកគេ​ផ្ទុះ​ការតវ៉ា​ម្សិលមិញ ខាង​សាលា​រាជធានី​ភ្នំពេញ បាន​កោះហៅ​តំណាង​បុគ្គលិក និង​តំណាង​ក្រុមហ៊ុន​ជួបពិភាក្សា​គ្នា តែ​ភាគី​ទាំង​២​មិនទាន់បាន​ជួបគ្នា​នៅឡើយ ។ ​សូមបញ្ជាក់ថា បុគ្គលិក​ស្ថានីយ​ប្រេង​កាល់​តិច កាលពី​ព្រឹក​ថ្ងៃទី​១២ ឧសភា បាននាំគ្នា​ផ្ទុះ​ការតវ៉ា​លើក​បដា​បញ្ឈប់​ការចាក់​សាំង ប្រយោជន៍​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៥​ចំណុច ។

ការផ្ទុះ​កូដកម្ម​តវ៉ា​ធ្វើឡើង​ដំណាលគ្នា គ្រប់​ស្ថានីយ​ប្រេង​ទាំងអស់​នៅក្នុង​រាជធានី ។​ ​លក្ខខណ្ឌ​ដែល​បុគ្គលិក​ប្រេង​កាល់​តិច​ទាមទារ​មាន​៥​ចំណុច ១-​សុំ​ដំឡើង​ប្រាក់ខែ​១៦០​ដុល្លារ ២-​សុំ​ឱ្យមាន​ប្រាក់ខែ​ទី​១៣ ៣-​មានការ​ជប់លៀង ៤-​បង្កើត​ទារកដ្ឋាន និង​ទី​៥-​សុំឱ្យ​មាន​អ្នក​អនាម័យ ។​

​ស្ថានីយ​ប្រេង​កាល់​តិច​នៅ​ទូទាំងប្រទេស​មាន​ចំនួន​២៤ ក្នុងនោះ​នៅ​រាជធានី​១៨​ស្ថានីយ និង​តាម​បណ្តា​ខេត្ត​មាន​ខេត្តបាត់ដំបង​០១​ស្ថានីយ ខេត្តកំពង់ចាម​០១​ស្ថានីយ ខេត្តសៀមរាប​០១​ស្ថានីយ ខេត្ត​កំពង់សោម​០២​ស្ថានីយ និង​ខេត្តកំពង់ធំ​០១​ស្ថានីយ ៕image (10) image (9)